(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យ លោក ហ្សាហ៊ីរូឌីន បាបា សាហ៉ីម (Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៉ីស្លាមប៉ាគីស្ថានប្រចាំនៅកម្ពុជា ដែលទើបតែងតាំងថ្មី ចូលជួបសម្ដែងការគួរសម នៅវិមានសន្តិភាព។

លោក ហ្សាហ៊ីរូឌីន បាបា សាហ៉ីម ត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៉ីស្លាមប៉ាគីស្ថានប្រចាំនៅកម្ពុជា រយៈពេលជាង១ខែមកហើយ ដោយរយៈពេលជាង១ខែមកននេះ នៅក្នុងប្រទេសកម្ពុជា លោកសង្កេតឃើញថា ប្រទេសកម្ពុជាមានការអភិវឌ្ឍស្រស់ស្អាត ជាមួយនឹងប្រជាជនមានភាពរាក់ទាក់ និងមន្ត្រីរាជការផ្ដល់នូវកិច្ចសហប្រតិបត្តិការល្អ៕