(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យកម្ពុជា-ប៉ាគីស្ថាន ពិនិត្យមើល សក្តានុពលផ្សេងៗ ដើម្បីទាញយកផលប្រយោជន៍ទៅវិញទៅមក។ ការលើកឡើងនេះ បានធ្វើឡើងក្នុងឱកាសដែលសម្តេច អនុញ្ញាតឱ្យ លោក ហ្សាហ៊ីរូឌីន បាបា សាហ៉ីម (Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៉ីស្លាមប៉ាគីស្ថានប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានសន្តិភាព។

នៅក្នុងជំនួបនេះ សម្តេចតេជោ បានស្វាគមន៍ និងសម្តែងការសាទរដល់លោក ហ្សាហ៊ីរូឌីន បាបា សាហ៉ីម ដែលត្រូវបានតែងតាំងជាអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជា។

«សម្តេចបានលើកទឹកចិត្ត ឱ្យលោកអគ្គរដ្ឋទូតពិនិត្យមើលសក្តានុពលផ្សេងៗ ដែលប្រទេសទាំងពីរអាចធ្វើបាន។ កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ មានសារសំខាន់សម្រាប់ការបំពេញឱ្យគ្នាទៅវិញទៅមក និងចូលរួមចំណែកពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលមានទំនាក់ទំនងក្នុងវ័យចំណាស់រហូតដល់៧០ឆ្នាំ នៅឆ្នាំនេះ»។ នេះបើតាម លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុន សែន។

នៅក្នុងជំនួបនេះ លោក ហ្សាហ៊ីរូឌីន បាបា សាហ៉ីម (Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៉ីស្លាមប៉ាគីស្ថានប្រចាំនៅកម្ពុជា បានលើកឡើងថា «ប៉ាគីស្ថានបានចាត់ទុកកម្ពុជាជាដៃគូសំខាន់ ក្នុងន័យនេះសកម្មភាព និងបេសកកម្មរបស់ឯកឧត្តម គឺបន្តសកម្មភាពដែលមានស្រាប់ផង និងធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីជំរុញទំនាក់ទំនងលើគ្រប់វិស័យ ក្នុងគោលដៅពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យឈានដល់កម្រិតថ្មីមួយទៀត»

សម្តេចតេជោ ហ៊ុន សែន ក៏បានជម្រាបដល់ លោកអគ្គរដ្ឋទូតអំពីកិច្ចការងារមួយចំនួនរបស់អាស៊ាន ក្នុងពេលដែលកម្ពុជាជាប្រធាន នៅក្នុងឆ្នាំនេះ។ សម្តេចលើកឡើងថា ក្នុងក្របខណ្ឌអាស៊ាន អ្វីដែលកម្ពុជាចង់បានក្នុងនាមជាប្រធានអាស៊ាន គឺការបើកដំណើរការសេដ្ឋកិច្ចអាស៊ានឡើងវិញ ក្នុងគ្រាដែលកំពុងរៀនរស់នៅជាមួយកូវីដ១៩។

ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណ ជូនចំពោះរដ្ឋាភិបាលប៉ាគីស្ថាន ដែលបានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ហើយបានស្នើសុំឱ្យរដ្ឋាភិបាលប៉ាគីស្ថាន បន្ត ផ្ដល់អាហារូបករណ៍ដល់កម្ពុជា តទៅទៀត ៕