(សៀមរាប)៖ ទោះបីមានការរាំងស្ទះដោយសារវិបត្តិជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ តែមន្ទីរពេទ្យកុមារអង្គរ នៅតែមានការអភិវឌ្ឍ និងផ្តល់សេវាព្យាបាលដល់កុមារក្រីក្រដល់ឥតបង់ថ្លៃ។ល។ ថ្មីៗនេះ មន្ទីរពេទ្យទើបនឹងប្រកាសពីការផ្លាស់ប្ដូររចនាសម្ព័ន្ធការដឹកនាំដោយជនជាតិខ្មែរ គឺស្របតាមផែនការយុទ្ធសាស្រ្តថ្មីរបស់អង្គភាព។

លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្រ្ដា ត្រូវបានតែងតាំងជានាយកមន្ទីរពេទ្យកុមារអង្គរ ដែលត្រូវប្រគល់តួនាទីបន្ថែមក្នុងការដឹកនាំគ្រប់គ្រងអង្គភាពទាំងមូល។ លោកទទួលខុសត្រូវដឹកនាំផ្នែកវេជ្ជសាស្រ្ដ ផ្នែកមិនមែនវេជ្ជសាស្រ្ដ ផ្នែកអប់រំបណ្ដុះបណ្ដាលបុគ្គលិកសុខាភិបាល ផ្នែកអប់រំសុខភាពនៅតាមសហគមន៍ និងប្រតិបត្តិការណ៍ទូទៅ រួមទាំងការគ្រប់គ្រងធនធានហិរញ្ញវត្ថុ និងយុទ្ធសាស្រ្ដនៃការរៃអង្គាសមូលនិធិផងដែរ។ យ៉ាងណា អតីតនាយកប្រតិបត្តិដែលជាជនបរទេស គឺលោកស្រីសាស្រ្ដាចារ្យ ក្លូឌៀ ធឺនឺ នៅតែបន្តគាំទ្រ លោក ងួន ច័ន្ទភក្រ្ដា ក្នុងនាមជាទីប្រឹក្សាពិគ្រោះយោបល់ រហូតដល់ការផ្លាស់ប្ដូរនេះមានលំនឹង។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់មន្ទីរពេទ្យកុមារអង្គរដែលចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ មន្ទីរពេទ្យក៏បានតែងតាំងលោក សោម សម្បត្តិ អគ្គនាយកក្រុមហ៊ុន ថ្នាំពណ៌ជាតិ ខាំ ផែន ជាប្រធានក្រុមប្រឹក្សាភិបាលប្រចាំអង្គភាពផងដែរ ខណៈដែលលោកជាអ្នកផ្តល់ជំនួយនៅក្នុងប្រទេសធំមួយរូបរបស់មន្ទីរពេទ្យក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ មន្ទីរពេទ្យកុមារអង្គរបញ្ជាក់ថា នេះជាលើកទីមួយ សម្រាប់មន្ទីរពេទ្យ ដែលមានជនជាតិខ្មែរដែលមានសមត្ថភាពខ្ពស់នៅក្នុងការដឹកនាំគ្រប់គ្រង ចូលមកកាន់តំណែងកំពូលៗបែបនេះ។

ដ្បិតថា ក្នុងកាលៈទេសៈជំងឺកូវីដផ្ទុះជាសកលនេះធ្វើឱ្យប៉ះពាល់ដល់ការរៃអង្គាសថវិកាក្នុងមន្ទីរពេទ្យក៏ដោយ តែរបាយការណ៍បង្ហាញថា ក្នុងឆមាសទី២ ឆ្នាំ២០២១ កន្លងទៅ ការពិនិត្យ ព្យាបាលជំងឺសរុបក្នុងមន្ទីរពេទ្យមានចំនួន ជាង២៥ពាន់ករណី ការចុះអប់រំសុខភាពដល់ពលរដ្ឋតាមភូមិស្រុកគោលដៅនៃតំបន់ជនបទដាច់ស្រយាល សាលារៀន មណ្ឌលសុខភាព សរុបចំនួនជាង ៩ម៉ឺននាក់ និងបានផ្តល់វគ្គបណ្ដុះបណ្ដាលជំនាញដល់មន្រ្តីសុខាភិបាល និស្សិតថែទាំព្យាបាលកើនដល់ជាង ៦៥ពាន់ករណី។ បន្ថែមពីនោះ ការចុះអប់រំសុខភាពដល់ពលរដ្ឋតាមស្រុកគោលដៅតំបន់ជនបទដាច់ស្រយាល សាលារៀន មណ្ឌលសុខភាព ជាង១៤២ពាន់នាក់។ល។

នាយកមន្ទីរពេទ្យកុមារអង្គរ លោក ងួន ច័ន្ទភក្រ្ដា បានលេីកឡេីងថា៖« ស្ថិតក្នុងពេលវេលាដ៏លំបាកកន្លងទៅ យើងបានរៀនសូត្រ កែច្នៃ និងអភិវឌ្ឍន៍ខ្លួនទៅនឹងស្ថានភាពថ្មីដែលនៅចំពោះមុខ។ ទាំងនេះបង្ហាញពីភាពខ្លាំង និងភាពបត់បែនរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរពេទ្យកុមារអង្គរទាំងអស់។ ទោះបីជាមានឧបសគ្គមួយចំនួន តែយើងខិតខំជម្នះ ដើម្បីបន្តផ្តល់ការព្យាបាលដល់កុមារកម្ពុជាគ្រប់រូប ប្រកបដោយគុណភាពខ្ពស់ និងក្ដីមេត្តាករុណា។ ខ្ញុំចង់ឱ្យប្រជាជនខ្មែរទាំងអស់គ្នាចាត់ទុកមន្ទីរពេទ្យកុមារអង្គរដូចជារបស់ខ្មែរយើងទាំងអស់គ្នា ដើម្បីឱ្យមន្ទីរពេទ្យអាចបន្តដំណើរការទៅមុខយូរអង្វែង»៕