(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា ស្ថានភាពបច្ចុប្បន្ននៃការឆ្លងជំងឺកូវីដ១៩ នៅតែបន្តផ្តល់ភាពព្រួយបារម្ភ បើទោះបីជាលទ្ធផលតេស្ដដោយ PCR មានការធ្លាក់ចុះក្ដី។

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលថ្លែងបែបនេះ ក្នុងពិធីបើកយុទ្ធនាការជាតិ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ នៅខេត្តកំពង់ស្ពឺ ក្រោមប្រធានបទ «វីរុសកូវីដ១៩ បំប្លែងថ្មីអូមីក្រុង ឆ្លងលឿនខ្លាំងជាងមុន» អាចបង្កឲ្យមានហានិភ័យធ្ងន់ធ្ងរដល់អ្នក និងគ្រួសារ។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់យ៉ាងដូច្នេះថា «ស្ថានភាពបច្ចុប្បន្ន ការឆ្លងរាលដាលនៃកូវីដ១៩ វានៅតែជាការព្រួយបារម្ភរបស់យើងនៅឡើយទេ ថ្វីត្បិតតួលេខបង្ហាញថា មានការធ្លាក់ចុះជាបណ្តើរៗ។ សូមបងប្អូនប្រជាពលរដ្ឋកុំភ្លេចខ្លួនឲ្យសោះ»

ដោយសារកូវីដ១៩ នៅតែផ្តល់កង្វល់នោះ មន្ត្រីក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ មិនត្រូវធ្វេសប្រហែសនោះទេ គឺ ត្រូវបន្តការពារខ្លួនពីជំងឺមួយនេះ ដោយអនុវត្តតាមវិធាន ៣កុំ និង៣ការពារ ក៏ដូចជាត្រូវទៅចាក់ថ្នាំបង្ការផងដែរ។

ក្នុងឱកាសនោះដែរ លោកស្រី ឱ វណ្ណឌីន ក៏បានចោលចំពោះការប្រឌិតថា ចាក់ថ្នាំបង្ការកូវីដ១៩ទៅ នាំឲ្យកើតជំងឺមហារីក ដោយលោកស្រីបានចាត់ទុកការញុះញង់ កុំឲ្យពលរដ្ឋទៅចាក់ថ្នាំបង្ការ ជាការបង្កមហន្ដរាយដល់សង្គម។ លោកស្រីអះអាងថា ថ្នាំបង្ការកូវីដ១៩ មានគុណតម្លៃធំធេងណាស់ ក្នុងការការពារពលរដ្ឋពីជំងឺនេះ។

សូមជម្រាបថា អត្រាអ្នកឆ្លងកូវីដ១៩ នៅកម្ពុជាកាន់មានស្ថានភាពធូរស្រាលខ្លាំងឡើងជាបន្តបន្ទាប់ ដោយសារពលរដ្ឋទូទាំងប្រទេស បានទទួលការចាក់ថ្នាំបង្ការរួចរាល់ហើយ ខណៈការចាក់ដូសទី៤ ក៏កំពុងដំណើរការ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានលើកឡើងថា កម្ពុជាទទួលជោគជ័យលើការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ដោយសារការចាក់ថ្នាំបង្ការបែបផ្ការីក។

បើតាមក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ បានបញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន ៧៣នាក់ ក្នុងនោះករណីនាំចូលចំនួន ៨នាក់ និងឆ្លងក្នុងសហគមន៍ ៦៥ នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន ៧២នាក់ និងគ្មានអ្នកស្លាប់ទេ។

គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ គឺកម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១៣៥,១៥៨នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣១,១១០នាក់ និងស្លាប់សរុបចំនួន ៣,០៥២នាក់៕