(ភ្នំពេញ)៖ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ បានដឹកនាំកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ចុះជួយសម្រួលចរាចរណ៍ ដល់ប្រជាពលរដ្ឋដែលមានការកកស្ទះតាមបណ្តោយផ្លូវ២៧១ និងត្រង់ចំណុចស្ពានថ្ម (ស្ពានទី១) មុខពេទ្យរស្សី និងបន្តសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ និងក្រុមហ៊ុនស៊ិនទ្រី ចុះកាយសំរាមដែលកកស្ទះតាមប្រឡាយ ត្រង់ចំណុចស្ពានថ្ម (ស្ពានទី១) មុខពេទ្យរុស្សី នៅសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះធ្វើឡើងដោយមានការចូលរួមសហការពីមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ និងក្រុមហ៊ុនស៊ិនទ្រី ដោយបាននាំយក អាអ៊ិច ០១គ្រឿង សម្រាប់កាយសំរាម និងរថយន្តដឹកសំរាម០៣គ្រឿង របស់មន្ទីរសាធារណការ និង០៣ គ្រឿង របស់ក្រុមហ៊ុនស៊ិនទ្រី ចុះកាយសំរាម សរុបរួមក្នុងការដឹកសំរាមចេញចំនួន ២៥ជើង។

នាឱកាសនោះ លោក ឌី រ័ត្នខេមរុណ ក៏បានសំណូមពរឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌមានជ័យ ដែលរស់នៅជុំវិញប្រឡាយ សូមកុំចោល សំរាម ឬសំណល់រឹងចូល ក្នុងប្រឡាយពាសវាលពាសកាល ដែលអាចបណ្តាលឱ្យមានការកកស្ទះសំរាម និងបាត់បង់សណ្តាប់ធ្នាប់សាធារណៈ ហើយត្រូវវិចខ្ចប់ប្រភេទសំរាម និងដាក់ធុង សំរាម ឱ្យបានត្រឹមត្រូវ ម្យ៉ាងវិញទៀតអាចប៉ះពាល់ដល់សោភ័ណភាពទីក្រុងថែមទៀតផង «ទីក្រុងស្អាត មូលដ្ឋានស្អាត ប្រទេសមានបរិស្ថានល្អ គឺផ្តើមចេញពីយើងផ្ទាល់»៕