(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ២១ ប្រវែងជិត ៦៤គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅ រហូតដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ)។

ផ្លូវជាតិលេខ២១ ធ្លាប់ត្រូវបានសាងសង់ម្តងរួចមកហើយកាលពីឆ្នាំ២០០២ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST)។ តែដោយសារផ្លូវនេះ ជាខ្សែផ្លូវតភ្ជាប់ពីរាជធានីភ្នំពេញ ទៅច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម និងបម្រើការធ្វើចរាចរណ៍ និងដឹកជញ្ជូនទំនិញដ៏សំខាន់រវាងកម្ពុជា និងវៀតណាមផងនោះ នៅឆ្នាំ២០១២ រាជរដ្ឋាភិបាលកម្ពុជាបានស្នើសុំរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) តាមរយៈមូលនិធិនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) សិក្សាលទ្ធភាពសាងសង់លើកកម្រិតគុណភាពផ្លូវនេះ ពីប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់(DBST) ទៅជាប្រភេទផ្លូវក្រាលបេតុងផ្លូវកៅស៊ូ(AC) និងពង្រីកពី ២គន្លង ទៅ ៤គន្លង នៅតាមចំណុចភូមិសាស្រ្តសំខាន់ៗមួយចំនួនផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងសាងសង់ផ្លូវជាតិលេខ២១ ត្រូវបានសាងសង់ជា ២ដំណាក់កាល។ ដំណាក់កាលទី១៖ កំណាត់ផ្លូវប្រវែង ៥៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលក្រុងតាខ្មៅ ទៅដល់ឃុំព្រែកស្តី ស្រុកកោះធំ (គីឡូម៉ែត្រលេខ៥៥) បានបើកការដ្ឋានសាងសង់កាលពីអំឡុងខែមេសា ឆ្នាំ២០១៥ និងបានស្ថាបនារួចរាល់ជាស្ថាពរនៅអំឡុងខែតុលា ឆ្នាំ២០១៧ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣០ខែ។

ដំណាក់កាលទី២៖ កំណាត់ផ្លូវប្រវែង ៨.៦គីឡូម៉ែត្រ ចាប់ពីឃុំព្រែកស្តី (គីឡូម៉ែត្រលេខ៥៥) ទៅដល់ស្ពានជ្រៃធំ (គីឡូម៉ែត្រលេខ ៦៣+៦) មានទទឹងតួផ្លូវសរុប ១១ម៉ែត្រ ត្រូវបានស្ថាបនាជា ២គន្លង (១គន្លងទៅ ១គន្លងមក) គន្លងនីមួយៗមានទទឹងតួផ្លូវ ៣.៥ម៉ែត្រ សាងសង់ស្ពានថ្មី ១២កន្លែង ប្រវែង ៣៩៦ម៉ែត្រ រួមទាំងការងារបំពាក់សម្ភារបរិក្ខារផ្លូវថ្នល់។ កំណាត់ផ្លូវនេះ ប្រើប្រាស់រយៈពេលសាងសង់ ១៦ខែ បានបើកការដ្ឋានសាងសង់កាលពីអំឡុងខែមីនា ឆ្នាំ២០១៨ និងបានស្ថាបនារួចរាល់ជាស្ថាពរនៅអំឡុងខែកក្កដា ឆ្នាំ២០១៩។

លោកទេសរដ្ឋមន្ត្រី បានឱ្យដឹងថា ផ្លូវជាតិលេខ២១ សាងសង់ដោយក្រុមហ៊ុនហានស្សីន វិស្វកម្ម និងសំណង់ (HANSHIN Engineering & Construction Co., Ltd) និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសដាសាន់ (DASAN Consultants Co., Ltd) បានចំណាយថវិកាសាងសង់សរុបជិត ៦១លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។

លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវជាតិលេខ២១ ជាខ្សែផ្លូវយុទ្ធសាស្រ្តតភ្ជាប់រាជធានីភ្នំពេញ ជាមួយបណ្តាញផ្លូវគមនាគមន៍មួយចំនួនដូចជា ផ្លូវជាតិលេខ២ (ត្រង់រង្វង់មូលក្រុងតាខ្មៅ) ផ្លូវក្រវាត់ក្រុងទី២ ផ្លូវក្រវាត់ក្រុងទី៣ ផ្លូវជាតិលេខ២១A និងផ្លូវជាតិលេខ ២១B ដោយឆ្លងកាត់ក្រុង-ស្រុកចំនួន៣ រួមមានក្រុងតាខ្មៅ ស្រុកស្អាង និងស្រុកកោះធំ ឆ្ពោះទៅច្រកព្រំដែនកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ)។ ខ្សែផ្លូវទាំងនេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសម្រួលការដឹកជញ្ជូនគ្រប់ប្រភេទ ជាពិសេសទំនិញ និងកសិផលសម្រាប់ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម ព្រមទាំងបានជំរុញ និងប្រែក្លាយតំបន់នៅតាមព្រំដែន ឱ្យក្លាយជាតំបន់អភិវឌ្ឍន៍ និងរីកចម្រើន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា «ខ្សែផ្លូវនេះ គឺជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលជាច្រើន នៅពាសពេញផ្ទៃប្រទេស ដែលបាននិងកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនលើសលុប ដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស កើតចេញពីការដឹកនាំប្រកបដោយគតិបណ្ឌិត ទឹកចិត្តស្នេហាជាតិមាតុភូមិ និងប្រជាជនដ៏មោះមុត និងបញ្ញាញាណដ៏ឈ្លាសវៃរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលជាបិតាស្ថាបនិក និងជានិមិត្តរូបនៃសុខសន្តិភាព»

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានចាត់ទុកសមិទ្ធផលលើប្រព័ន្ធគមនាគមន៍មួយខ្សែនេះ កើតចេញដោយសារតែសុខសន្តិភាព ដែលកំពុងគ្រប់ដណ្តប់លើផ្ទៃប្រទេសកម្ពុជា។ លោកបានលើកឡើងថា សន្តិភាព ដែលកម្ពុជាទទួលបានរហូតមកដល់បច្ចុប្បន្ននេះ គឺមានតម្លៃជាងអ្វីៗទាំងអស់ ដែលបានផ្ដល់នូវក្ដីសង្ឃឹម និងស្នាមញញឹមដល់ប្រជាជនកម្ពុជាគ្រប់រូប ព្រមទាំងជាមូលដ្ឋានដ៏សំខាន់បំផុតក្នុងការផ្ដល់ឱកាសឱ្យកម្ពុជាមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ តាមរយៈបទពិសោធន៍របស់កម្ពុជាដែលបានឆ្លងកាត់សង្រ្គាម និងខិតខំកសាងសន្តិភាពដូចនាពេលបច្ចុប្បន្ន យើងខ្ញុំទាំងអស់គ្នាសូមគាំទ្រនូវអនុសាសន៍ដ៏ថ្លៃថ្លារបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដោយបានសង្កត់ធ្ងន់ថា «គ្មានសន្តិភាព គ្មានក្ដីសង្ឃឹម។ គ្មានសន្តិភាព គ្មានការអភិវឌ្ឍ។ គ្មានសន្តិភាព គ្មានការគោរពសិទ្ធិមនុស្ស និងគ្មានលទ្ធិប្រជាធិបតេយ្យ» នោះឡើយ៕