(ភ្នំពេញ)៖ ទូរទស្សន៍របស់ឥណ្ឌាដ៏ល្បីល្បាញ News18 នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ បានបង្ហាញពីទីតាំងដ៏អស្ចារ្យ ៥កន្លែង សម្រាប់អ្នកទេសចរ ដែលចង់លេងកម្សាន្តនៅក្នុងប្រទេសកម្ពុជា។

យោងតាមការផ្សាយរបស់ News18 ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺបញ្ជាក់ថា វិស័យទេសចរណ៍កម្ពុជា កំពុងតែរីកចម្រើនយ៉ាងខ្លាំង។ ប្រទេស ដែលស្ថិតក្នុងតំបន់អាស៊ានមួយនេះ ត្រូវបានគេស្គាល់យ៉ាងច្បាស់ ដោយសារមានទេសភាពដ៏ស្រស់ស្អាត ប្រវត្តិសាស្ត្រដ៏យូរលង់ និងទីតាំងសាសនា ដែលពោរពេញដោយសន្តិភាពផងដែរ។ មិនត្រឹមតែជាទីតាំងដ៏ល្អប៉ុណ្ណោះទេ បើប្រៀបធៀបនឹងបណ្តាប្រទេសផ្សេងទៀត កម្ពុជា គឺជាទីតាំងដែលមានតម្លៃសមរម្យ សម្រាប់អ្នកដែលចង់លំហែរកាយ នៅក្រៅប្រទេស។

បើសិនជាអ្នកចង់ផ្សងព្រេង នៅប្រទេសកម្ពុជានោះ យើងសូមណែនាំទីតាំងដ៏អស្ចារ្យចំនួន ៥កន្លែង ដូចខាងក្រោម៖

១៖ អង្គរវត្ត (ANGKOR WAT)
កសាងនៅចន្លោះឆ្នាំ៨០២ ដល់ឆ្នាំ១៤៣២ អង្គរវត្ត គឺជាទីតាំងបែបសាសនាដ៏ធំបំផុតលើពិភពលោក។ លាតសន្ធឹងលើផ្ទៃដីលើសពី ៤០០ហិកតារ ទីតាំងនេះផ្តល់ឲ្យលោកអ្នកនូវផ្ទាំងទស្សនីយភាពដ៏ស្រស់ត្រកាល នៃព្រះអាទិត្យរះ និងលិច។ នៅប្រាសាទនៃសាសនាហិណ្ឌូមួយនេះ លោកអ្នកអាចឃើញអច្ឆរិយបុរាណវត្ថុនានា ដូចជា រូបចម្លាក់ ចម្លាក់លៀន សំណង់ប្រាសាទដែលមានឈើឫសព័ទ្ធជុំវិញ និងប៉មថ្មភក់ ដែលមានកម្ពស់ដល់ទៅប្រមាណ ២០០ហ្វីត។ ទីតាំងមួយ ដែលសម្បូរអ្នកទស្សនាជាងគេ គឺប្រាសាទបាយ័ន្ត ដែលនៅទីនោះលោកអ្នកនឹងបានទស្សនា ចម្លាក់បណ្តុំថ្មប្រមាណជាង ២០០ដុំ ជាទម្រង់រូបភាពព្រះព្រហ្មមុខ៤។

២៖ រាជធានីភ្នំពេញ (PHNOM PENH)
ក្នុងនាមជាទីកន្លែងដ៏ស្រស់ស្អាត និងជាទីតាំងឧស្សាហកម្មរបស់កម្ពុជាផងនោះ រាជធានីភ្នំពេញ ពោរពេញដោយភ្លើងចម្រុះពណ៌។ ទីតាំងបេះដូងនៃជាតិមួយនេះ មានហាងកាហ្វេដែលរចនាយ៉ាងសោភ័ណ ទីតាំងប្រវត្តិសាស្ត្រ និងកន្លែងបណ្តុំសិល្បៈប្រពៃណីផងដែរ។ ភ្នំពេញ ក៏បានជាប់ឈ្មោះជាទីក្រុងដ៏គួរឲ្យចាប់អារម្មណ៍ សម្រាប់ទស្សនា នៅអាស៊ានទៀតផង។

៣៖ កោះរ៉ុងសន្លឹម (KOH RONG SANLOEM)
កោះរ៉ុងសន្លឹម គឺជាទីតាំងយ៉ាងទាក់ទាញមួយនៅខេត្តព្រះសីហនុ ដែលលោកអ្នកអាចទទួលបាននូវភាពស្ងប់សុខ។ កោះនេះ គឺមិនសូវមានមនុស្សម្នានោះទេ ហេតុនេះហើយលោកអ្នកអាចមានពេលវេលាសម្រាកបានយ៉ាងល្អប្រសើរ។ លើសពីនេះទៅទៀត ឆ្នេររបស់កម្ពុជាមួយនេះ ប្រៀបដូចជាស្ថានសួគ៌ នៃតំបន់ត្រូពិក ហើយផ្តល់កន្លែងទស្សនាព្រះអាទិត្យលិច យ៉ាងឥតខ្ចោះផងដែរ។ នៅកោះរ៉ុងសន្លឹម អ្នកអាចសម្រាកនៅខ្ចុះតូចៗក្នុងរីសត ហើយក៏អាចសាកល្បងសកម្មភាពសមុទ្រ ដូចជា ការមុជទឹកមើលជីវៈចម្រុះក្នុងសមុទ្រទៀតផង។

៤៖ ប្រាសាទព្រះវិហារ (PRASAT PREAH VIHEAR)
ប្រាសាទបែបសាសនាឥណ្ឌូមួយនេះ ត្រូវបានកសាងឡើងដើម្បីឧទ្ទិសដល់ព្រះសេវៈ ហើយត្រូវបានគេស្គាល់ថា ជាទីតាំងដ៏គួរឲ្យទាក់ទាញមួយផងដែរ ដែលស្ថិតនៅលើកំពូលភ្នំដងរែក។ ប្រាសាទកេរ្តិ៍ដូនតាកម្ពុជាមួយនេះ ក៏ជារបាំងព្រំដែនជាមួយប្រទេសថៃ ហើយប្រទេសទាំងពីរចង់បានណាស់ ប៉ុន្តែនៅឆ្នាំ២០១៣ អង្គការយុត្តិធម៌អន្តរជាតិ (ICJ) សម្រាប់កាត់ឲ្យកម្ពុជាឈ្នះ។

៥៖ ក្រចេះ (KRATIE)
បើសិនជាអ្នកកំពុងស្វែងរកបទពិសោធន៍សម្រាប់ទន្លេមេគង្គ ខេត្តក្រចេះគួរតែជាកន្លែងដ៏ល្អបំផុត។ វាលាតសន្ធឹងជុំវិញច្រាំងទន្លេមេគង្គ ហើយខេត្តនេះផ្តល់ឲ្យលោកអ្នកនូវដំណើរកម្សាន្ត ការទស្សនាសត្វផ្សោត។ លោកអ្នកអាចធ្វើជាសាក្ស៉ី ពីសត្វផ្សោតដែលជិតផុតពូជអៀរ៉ាវ៉ាឌី (Irrawaddy) នៅភាគខាងជើង នៃខេត្តក្រចេះបានផងដែរ៕

ប្រភព News18 សម្រួលអត្ថបទដោយ Fresh News