(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ២១ ប្រវែងជិត ៦៤គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅ រហូតដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ)។
ផ្លូវជាតិលេខ២១ ធ្លាប់ត្រូវបានសាងសង់ម្តងរួចមកហើយកាលពីឆ្នាំ២០០២ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST)។ តែដោយសារផ្លូវនេះ ជាខ្សែផ្លូវតភ្ជាប់ពីរាជធានីភ្នំពេញ ទៅច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម និងបម្រើការធ្វើចរាចរណ៍ និងដឹកជញ្ជូនទំនិញដ៏សំខាន់រវាងកម្ពុជា និងវៀតណាមផងនោះ នៅឆ្នាំ២០១២ រាជរដ្ឋាភិបាលកម្ពុជាបានស្នើសុំរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) តាមរយៈមូលនិធិនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) សិក្សាលទ្ធភាពសាងសង់លើកកម្រិតគុណភាពផ្លូវនេះ ពីប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST) ទៅជាប្រភេទផ្លូវក្រាលបេតុងផ្លូវកៅស៊ូ (AC) និងពង្រីកពី ២គន្លង ទៅ ៤គន្លង នៅតាមចំណុចភូមិសាស្រ្តសំខាន់ៗមួយចំនួនផងដែរ។
នៅក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណជាង៤០នាទី,
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានចងចាំយ៉ាងច្បាស់ពីស្ថានភាពដ៏លំបាកនៃផ្លូវជាតិលេខ២១ កាលពីអតីតកាល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រៅតែកង្វល់ពីស្ថានភាពលំបាកនៃផ្លូវជាតិលេខ២១ហើយនោះ សម្តេចក៏កង្វល់ពីការបាក់ច្រាំងនៅតាមបណ្តោយនេះផងដែរ។ តែឥឡូវបានដោះស្រាយក្តីកង្វល់នេះអស់ហើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវជាតិលេខ២១ គ្រោងសម្ពោធតាំងពីឆ្នាំ២០២១ តែដោយសារការរាតត្បាតជំងឺកូវីដ១៩ ទើបពន្យារមកដល់ពេលនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវជាតិលេខ២១ ជាផ្លូវដែលខ្លីជាងគេ ហើយបានបម្រើយ៉ាងសំខាន់សម្រាប់ការទំនាក់ទំនង និងការដោះដូរទំនិញរវាងកម្ពុជា និងវៀតណាម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធផលផ្លូវជាតិលេខ២១ គឺជាមោទនភាពសម្រាប់ជាតិកម្ពុជា បើធៀបនឹងអតីតកាលដែលផ្លូវមានសភាពចង្អៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវជាតិលេខ២១នេះ កម្ពុជាប្រើប្រាក់បដិភាគជិត ២០លានដុល្លារ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនកូរ៉េ សម្រាប់ការផ្តល់ប្រាក់កម្ចី សម្រាប់សាងសង់ផ្លូវជាតិលេខ២១។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធផលដែលកម្ពុជាទទួលបាននេះ ជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េខាងត្បូង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កូរ៉េខាងត្បូង បានសម្រេចផ្តល់ថវិកាសម្រាប់សាងសង់ស្ពានតភ្ជាប់ភ្នំពេញ ទៅអរិយក្សត្ររួចហើយ ដោយបានដាក់ជម្រើសទីតាំងជាច្រើនកន្លែង។
* សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីរំពឹងថា ប្រធានាធិបតីកូរ៉េខាងត្បូងនាពេលបច្ចុប្បន្ន នឹងបន្តគាំទ្រគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ តភ្ជាប់ពីភ្នំពេញទៅអរិយក្សត្រ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធផលទាំងនេះ គឺកើតចេញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េខាងត្បូង ដែលបានសម្តេចបានប្រឹងប្រែងពុះពារ ដើម្បីកសាងទំនាក់ទំនងឡើងកាលពីឆ្នាំ១៩៩៧។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ពានតភ្ជាប់ពីភ្នំពេញ ទៅកាន់តំបន់អរិយក្សត្រ បានសម្រេចយកទីតាំងសាងសង់ចេញពីម្តុំផ្សាររាត្រី ទៅកាន់ជ្រោយចង្វា និងចេញជ្រោយចង្វា ទៅអរិយក្សត្រ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ក្រុមហ៊ុនសាងសង់ ក្រសួងសាធារណការ ព្រមទាំងប្រជាពលរដ្ឋ ដែលបានសហការគ្នាយ៉ាងល្អ ធ្វើឱ្យការសាងសង់ផ្លូវបានសម្រេចជាស្ថាពរ។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យរួមគ្នាគោរពច្បាប់ចរាចរណ៍ពេលបើកបរ។ កុំឱ្យទទួលបានផ្លូវល្អហើយ បែរជានាំគ្នាស្រែកយំព្រោះគ្រោះថ្នាក់ចរាចរណ៍។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចការ៤ ដែលសម្តេចត្រូវពិនិត្យដំបូងគេរៀងរាល់ព្រឹក គឺរបាយការណ៍កូវីដ១៩ របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ របាយការណ៍នៃការប្រើប្រាស់ថាមពលអគ្គិសនី និងរបាយការណ៍ស្តីពីអាកាសធាតុ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅខែមេសា សម្តេចអញ្ជើញចូលរួមកិច្ចប្រជុំទឹកនៅប្រទេសជប៉ុន ហើយខែឧសភា ចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសស្វីស។
* សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យប្រកាន់ខ្ជាប់ជំហរ ប្រឆាំងការឈានពានលើប្រទេសអ៊ុយក្រែន ក្នុងការបោះឆ្នោតជាអន្តរជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសច្បាស់ៗថា កម្ពុជានឹងបន្តបោះឆ្នោតជាអន្តរជាតិប្រឆាំងការឈ្លានពានរបស់រុស្ស៉ី ចូលទឹកដីអ៊ុយក្រែន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានអ្នកបបួលកម្ពុជាឱ្យបោះអនុប្បវាទលើបញ្ហារុស្ស៉ី និងអ៊ុយក្រែន។
* សម្តេចតេជោបញ្ជាក់ថា កម្ពុជាបន្តបោះដូចនៅ UN នាពេលកន្លងទៅ គឺបោះឆ្នោតប្រឆាំងការឈ្លានពានចូលទឹកដីអ៊ុយក្រែន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនគាំទ្រការឈ្លានពាននោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបោះឆ្នោតគាំទ្រសង្គ្រាមរុស្ស៉ី ឈ្លានពានអ៊ុយក្រែន ជាការបង្កើតទម្លាប់អាក្រក់សម្រាប់ពិភពលោក ឱ្យប្រទេសខ្លាំងឈ្លានពានប្រទេសខ្សោយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន បង្កវិបត្តិធ្ងន់ធ្ងរជាងការរាតត្បាតជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង ៨៖២៧នាទីនាព្រឹកថ្ងៃដដែល, សូមអរគុណចំពោះការទស្សនាការផ្សាយផ្ទាល់ តាមរយៈទូរទស្សន៍ព័ត៌មាន Fresh News៕