(ភ្នំពេញ)៖ ដើម្បីបញ្ជ្រាបការយល់ដឹងដល់សាធារណជនអំពីបច្ចេកវិទ្យា ឧបករណ៍ បរិក្ខារ និងអត្ថប្រយោជន៍នានា នៃយានយន្តអគ្គិសនី សំដៅលើកកម្ពស់ការប្រើប្រាស់ យានយន្តអគ្គិសនីនៅកម្ពុជាឱ្យកាន់តែទូលំទូលាយ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ថានីយបញ្ចូលថាមពល សម្រាប់យានយន្តអគ្គិសនី នៅទីស្តីការក្រសួងតែម្តង ដែលជាស្ថានីយ៍ដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា។

ពិធីបើកសម្ពោធស្ថានីយ៍បញ្ជូលថាមពលយានយន្តអគ្គិសនី និងការតាំងពិព័រណ៍យានយន្តអគ្គិសនីនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២នេះ ក្រោមវត្តមានលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន និងមានការចូលរួមពីឯកអគ្គរាជ្យទូត ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសជាមិត្តប្រចាំកម្ពុជា តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP), លោកស្រីតំណាង Energy Lab និងលោកតំណាង SMMR/GIZ, តំណាងសហព័ន្ធសមាគមយានយន្តនៅកម្ពុជា និងតំណាងក្រុមហ៊ុនយានយន្តអគ្គិសនីផងដែរ។

លើកឡើងនាឱកាសនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ពិធីតាំងពិព័រណ៍យានយន្តអគ្គិសនី និងសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពល សម្រាប់យានយន្តអគ្គិសនីនេះ គឺជាការបើកឡើងនូវប្រវត្តិសាស្រ្ត ថ្មីមួយរបស់កម្ពុជា ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងដល់សាធារណជន អំពីបច្ចេកវិទ្យា ឧបករណ៍ បរិក្ខារនិងអត្ថប្រយោជន៍នានានៃយានយន្តអគ្គិសនី សំដៅលើកកម្ពស់ការប្រើប្រាស់យានយន្ត អគ្គិសនីនៅកម្ពុជាឱ្យកាន់តែ ទូលំទូលាយថែមទៀត។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា បន្ទាប់ពីការសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយ៍នៅទីស្តីការក្រសួងនេះហើយ និងមានការដាក់ឱ្យប្រើប្រាស់ បន្ថែមទៀត នៅបាត់ដំបង សៀមរាប និងក្រុងព្រះសីហនុ ដើម្បីជាការផ្សព្វផ្សាយទៅប្រជាពរដ្ឋពីការប្រើប្រាស់រថយន្ត អគ្គិសនី និងដើម្បីផ្សព្វផ្សាយដល់អ្នកវិនិយោគ ឱ្យមកធ្វើការសាងសង់ស្ថានីយ៍ទាំងនេះនៅទូទាំងប្រទេសផងដែរ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា មកដល់ពេលនេះ ក្រសួងសាធារណការ ក៏បានទទួលការផ្តល់ជំនួយរថយន្តអគ្គិសនីចំនួន ២គ្រឿងពីក្រុមហ៊ុនឯកជន ហើយក្រសួង ក៏បានត្រៀមទិញរថយន្តអគ្គិសនីនេះ ៣គ្រឿងបន្ថែមទៀត ដើម្បីបង្ហាញដល់ប្រជាពលរដ្ឋពីការប្រើប្រាស់យានយន្តអគ្គិសនីនេះ។ ក្រៅពីការផ្តល់រថយន្តអគ្គិសនី ពីក្រុមហ៊ុនឯកជន អង្គការសហប្រជាជាតិ (UNDP) ក៏បានប្រកាសផ្តល់ម៉ូតូប្រើអគ្គិសនី ៣០គ្រឿងដល់ក្រសួង ហើយក្រសួងក៏បានត្រៀមទិញម៉ូតូ ២០គ្រឿងបន្ថែមទៀត ដើម្បីផ្តល់ជូនមន្ត្រីក្រសួងប្រើប្រាស់ផងដែរ។

លោក ស៊ុន ចាន់ថុល បានបន្ថែមថា យោងតាមប្រព័ន្ធគ្រប់គ្រងការចុះបញ្ជីយានយន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចំនួនយានយន្តអគ្គិសនី ដែលបានចុះបញ្ជី មានចំនួនតែ ០២ គ្រឿងប៉ុណ្ណោះនៅក្នុងឆ្នាំ២០២០ និងចំនួន៦២ គ្រឿងនៅឆ្នាំ២០២១ ហើយនៅក្នុងរយៈពេលតែ៣ខែប៉ុណ្ណោះ គឺពីខែមករា ដល់ខែមីនា ឆ្នាំ២០២២នេះ ការចុះបញ្ជីយានយន្តអគ្គិសនី មានរហូតដល់៤៧គ្រឿង បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ មានចំនួនតែ០៧គ្រឿងប៉ុណ្ណោះ (កំណើនស្មើនឹង ៦៧១ ភាគរយ) ដែលនេះគឺជា កំណើននៃការ ប្រើប្រាស់យានយន្តអគ្គិសនីមួយគួរឱ្យកត់សម្គាល់។

ស្របតាមការកំណត់ទិសដៅជាក់លាក់ដែលមានចែងនៅក្នុងរបាយការណ៍បច្ចុប្បន្នភាពនៃការរួមចំណែករបស់ជាតិ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែង ប្រកបដោយអព្យាក្រឹត្យកាបូន នៅកម្ពុជាឆ្នាំ២០៥០ និងនិន្នាការនៃការប្រើប្រាស់យានយន្តអគ្គិសនីរបស់ពិភពលោក តំបន់ ក៏ដូចជានៅកម្ពុជា ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាស្ថាប័នមានសមត្ថកិច្ចគ្រប់គ្រង និងអភិវឌ្ឍវិស័យដឹកជញ្ជូន នឹងត្រូវដឹកនាំការងាររៀបចំ និងអនុវត្តគោលនយោបាយ, ផែនការយុទ្ធសាស្ត្រ និងវិធានការណ៍ចាំបាច់នានា ដើម្បីឈានទៅសម្រេចបាននូវការប្រើប្រាស់រថយន្តអគ្គិសនីក្នុងអត្រា៤០% និងទោចក្រយានយន្ត (ម៉ូតូ) អគ្គិសនីក្នុងអត្រា៧០% នៅឆ្នាំ ២០៥០។

ដើម្បីសម្រេចបាននូវគោលដៅនេះ ទាមទារឱ្យមានការចូលរួមពីក្រសួង សា្ថប័ន និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរៀបចំ និងអនុវត្តគោលនយោបាយ, ផែនការយុទ្ធសាស្ត្រ និងវិធានការណ៍នានាប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីជម្រុញការគាំទ្រ និងការលើកទឹកចិត្តដល់ការអភិវឌ្ឍ និងការប្រើប្រាស់យានយន្តអគ្គិសនី ដែលក្នុងនោះកត្តាចាំបាច់គឺ ផ្តោតទៅលើយុទ្ធសាស្ត្រទាក់ទាញឱ្យមានកំណើននៃការប្រើប្រាស់យានយន្តអគ្គិសនី កំណើននៃការបង្កើតស្ថានីយបញ្ចូល ថាមពលយានយន្ត អគ្គីសនី និងការគ្រប់គ្រង ការកែច្នៃ និងការបោះបង់សំណល់អាគុយប្រកបដោយសុវត្ថិភាព។

សូមបញ្ជាក់ថា តាមរយៈការបានជួបពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុនឯកជននានា ក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជំនួយពីអង្គការ UNDP នូវឧបករណ៍បញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន០៤គ្រឿង ហើយក្រុមហ៊ុនឯកជនដែលជាដៃគូ បានសន្យាគាំទ្រលើការជម្រុញការប្រើប្រាស់ យានយន្តអគ្គិសនី នៅកម្ពុជា ដោយជំហានដំបូងសន្យាផ្តល់ឧបករណ៍បញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន ១០គ្រឿងបន្ថែមទៀតផងដែរ៕