(តាកែវ)៖ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយរដ្ឋលេខាធិការក្រសួងការពារជាតិ, លោក អ៊ូច ភា អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តតាកែវ ប្រធាន អនុប្រធាន គណកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ នេះ បានចុះជួបសំណេះសំណាល និង សួរសុខទុក្ខ អតីតយុទ្ធជនខេត្តតាកែវ ដែលជាជនពិការ ប្រភេទក១ និងក២ ។

ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី គន់ គីម ក៏បាន នាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះអតីតយុទ្ធជន និងគ្រួសារ ។

លើសពីនេះ ទេសរដ្ឋមន្ដ្រី គន់ គីម បានក្រើនរំលឹកឲ្យប្រធាន អនុប្រធាន សមាគមខេត្តទាំងអស់ ជួយចលនាគ្នាតាមបណ្តាមន្ទីរជុំវិញខេត្ត ជួយថវិកាគាស់រានដីជូនពួកគាត់ ដើម្បីពួកគាត់មានលទ្ធភាពបង្កបង្កើនផលបានទាន់ពេលវេលា។

តាមរបាយការណ៍ ស អ ក ខេត្ត បានឲ្យដឹងថា បច្ចុប្បន្នអតីតយុទ្ធជនខេត្តតាកែវសរុបចំនួន៤,៦៩៣ នាក់ និងបានចូលជាសមាជិកសមាគមអតីតយុទ្ធជនមាន ចំនួន៣,៨៣៤នាក់។ ក្នុងឆ្នាំកន្លងមក សមាគមអតីតយុទ្ធជនខេត្តសម្រេចបាននូវលទ្ធផលសំខាន់ៗ ជាច្រើនដូចជា៖ បានបើកប្រាក់មរណសង្គ្រោះ ជូនគ្រួសារសពអតីតយុទ្ធជន២៩នាក់ , សហការបើកប្រាក់ ធានារ៉ាប់រងសង្គម សម្រាប់និវត្តជនក្នុងរយៈពេល៣ខែឆ្នាំ២០២២ បាន១៩នាក់, សមាគមខេត្ត បានចុះសួរសុខទុក្ខអតីតយុទ្ធជនជួបការលំបាក និងបានសហការជាមួយខាងសុខាភិបាលចុះចាក់វ៉ាក់សាំងជូនអតីតយុទ្ធជន និងគ្រួសារផងដែរ។

ទេសរដ្ឋមន្រ្តី គន់ គីម ក៏បាននាំយកថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនសមាជិកចូលរួមជាអតីតយុទ្ធជន ពិការ ក១ និងក២ ចំនួន២៦០នាក់ ក្នុងម្នាក់ទទួលបានថវិកា១០០,០០០រៀល និងប្រធានប៉ុស្ដិ៍រដ្ឋបាល ចំនួន១០០នាក់ ក្នុងម្នាក់ទទួលបានថវិកា ៥០,០០០រៀល។

ឆ្លៀតក្នុងឱកាសនោះដែរអតីតយុទ្ធជនក៏បានថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ និង សម្តេច កិត្តិបណ្ឌិត ដែលបានផ្តល់ដីលំនៅដ្ឋាន និងដីបង្ក បង្កើនផលជូន គាត់ តាមរយៈទេសរដ្ឋមន្ដ្រី គន់ គីម និងសូមប្តេជ្ញាគាំទ្រសម្តេចជារៀងរហូត៕