(ភ្នំពេញ)៖ ពលរដ្ឋអាល្លឺម៉ង់ម្នាក់ ឈ្មោះ Schomacher Martin Albert ដែលធ្លាប់មានជំងឺប្រចាំកាយ ហើយរស់នៅតែលតោលក្នុងប្រទេសកម្ពុជា បានចាកចេញពីប្រទេសកម្ពុជាហើយ កាលពីយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ក្រោយពីទទួលជំនួយព្យាបាល និងអន្តរាគមន៍ពីរាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមមន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News។

ជនជាតិអាល្លឺម៉ង់ ដែលមានអាយុប្រមាណ៥៥ឆ្នាំរូបនេះត្រូវបានសមត្ថកិច្ច ស្រាវជ្រាវរកឃើញ បន្ទាប់ពីមានការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ហើយទទួលបានការយកចិត្តទុកដាក់ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ រូបគេត្រូវបានមន្ត្រីកម្ពុជា យកទៅព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត (ជំងឺប្រចាំកាយ និងដំបៅរលួយជើង) រហូតដល់ជាសះស្បើយ កាលពីពេលថ្មីៗនេះ។

កាលពីពេលកន្លងទៅជនជាតិអាល្លឺម៉ង់រូបនេះ បានធ្លាប់អំពាវនាវដល់ស្ថានទូតរបស់ខ្លួនប្រចាំនៅប្រទេសកម្ពុជា ឲ្យជួយអន្តរាគមន៍ដើម្បីបានត្រឡប់ទៅមាតុប្រទេសរបស់ខ្លួនវិញ៕