(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២នេះ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋចំនួន៣គ្រួសារ ស្ថិតនៅក្នុងភូមិកំពង់វាំង ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលរងគ្រោះដោយសារភ្លើងផ្ទះទាំងស្រុង កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ដោយសារឆ្លងចរន្តអគ្គិសនី ព្រមទាំងប្រគល់ថវិកា និងសម្ភារៈមួយចំនួនជូនគ្រួសាររងគ្រោះទាំង៣នេះផងដែរ។

លោកបានសម្តែងនូវសមានុចិត្តសោកស្តាយ និងចូលរួមរំលែកទុក្ខម្ចាស់ផ្ទះទាំងបីគ្រួសារ ដោយលោកបានបញ្ជាក់ថា ក្នុងនាមខ្លួនលោកផ្ទាល់ ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់មិនចង់ឃើញមិនចង់ឮនូវឧបទ្ទវហេតុដ៏កាចសាហាវណាមួយកើតមានឡើងលើប្រជាពលរដ្ឋណាម្នាក់ក្នុងមូលដ្ឋានឡើយ។

ជាមួយនេះ លោកប្រធានឣនុសាខាក៏បានពាំនាំនូវការផ្តាំការសួសុខទុក្ខរបស់សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន និងលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដែលលោកតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់មូលដ្ឋាន និងគ្រប់កាលៈទេសៈ។

លោក សាយ គឹមឡម បានជំរុញឲ្យអាជ្ញាធរមូលដ្ឋាន និងពលរដ្ឋគ្រប់គេហដ្ឋាន ត្រូវបង្កើនការយកចិត្តទុក្ខដាក់លើបញ្ហាអគ្គិភ័យ ដើម្បីសុវត្ថិភាពទាំងអស់គ្នា ពិសេសត្រូវបង្កើនការយកចិត្តទុក្ខដាក់ប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ផងដែរ។

គួរបញ្ជាក់ថា ពលរដ្ឋរងគ្រោះទាំងបីគ្រួសារនេះ រួមមាន៖

១៖ ម្ចាស់ផ្ទះឈ្មោះ ឡាត ឈឿម ជាស្ត្រីមេម៉ាយទំហំផ្ទះ៧ម៉ែត្រគុណ១២ម៉ែត្រ (ឆេះទាំងស្រុង) និងខូចខាតទ្រព្យសម្បត្តិ រួមមាន ស្រូវក្នុងជង្រុក១តោន កង់៣គ្រឿង ទូរទស្សន៍២គ្រឿង បាស១គ្រឿង ខោអាវ និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀតមួយចំនួនធំ។

២៖ ម្ចាស់ផ្ទះឈ្មោះ ឆយ សំ ឣាយុ៤៥ឆ្នាំ ផ្ទះទំហំ៧ម៉ែត្រគុណ១៤ម៉ែត្រម ធ្វើពីថ្មឈើ លើប្រក់ក្បឿង (ខូចខាតទាំងស្រុង) ម្ចាស់មិននៅផ្ទះ។

៣៖ ម្ចាស់ផ្ទះឈ្មោះ ម៉ែត មត់ អាយុ៤៦ឆ្នាំ ផ្ទះទំហំ៧ម៉ែត្រគុណ១៤ម៉ែត្រថ្មក្រោមឈើលើ។

ចំពោះអំណោយដែលទទួលបានពីអនុសាខាកាកបាទក្រហមកម្ពុជា គឺក្នុងមួយគ្រួសារទទួលបានថវិកា១,២៨០,០០០រៀល ព្រមទាំងគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនទៀត៕