(ត្បូងឃ្មុំ)៖ ក្នុងឱកាសជួបសំណេះសំណាលជាមួយសមាគមកម្ពុជា-ចិន ទូទាំងស្រុកអូររាំងឪ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ លោក អ៊ាង សុផល្លែត សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណសមាគមកម្ពុជា-ចិន នៅស្រុកអូររាំងឪ ដែលបានគាំទ្រគោនយោបាយដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

លោក អ៊ាង សុផល្លែត បានបន្តថា សមាគមកម្ពុជា-ចិន តែងបានចូលរួម និងគាំទ្ររាល់សកម្មភាពដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងគោលនយោបាយគណបក្សប្រជាជនកម្ពុជា ក្នុងការនាំមកនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនមកដល់ពេលបច្ចុប្បន្ន ។

ប្រធានក្រុមការងារ បញ្ជាក់ថា កម្ពុជាមិនមានការប្រកាន់ពូជសាសន៍ទេ គឺខ្មែរ ជនជាតិដើមភាគតិច ខ្មែរចិន ខ្មែរឥស្លាម គឺជាខ្មែរតែមួយ មានភាពស្មើគ្នាចំពោះមុខច្បាប់ មាន សិទ្ធិសេរីភាព និងករណីយកិច្ចដូចគ្នាទាំងអស់ ដូចដែលមានចែងនៅក្នុង រដ្ឋធម្មនុញ្ញ ហើយអ្វីដែលពិសេសក្នុងសង្គមខ្មែរយើងគឺមានសាមគ្គីភាពជាតិ វប្បធម៌ចែករំលែក និងការជួយគ្នាទៅវិញទៅមក ជាក់ស្ដែងក្នុង យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់សម្តេចតេជោ មានការចូលរួមគាំទ្រឧបត្ថម្ភទាំងសម្ភារៈ និងថវិកា ពីសំណាក់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធវិស័យ ឯកជន ប្រជាពលរដ្ឋទូទៅមកពីសហគមន៍នានា នេះសបញ្ជាក់ពី ស្មារតីឯកភាពជាតិ ស្រឡាញ់ជាតិ និងតម្កល់ផលប្រយោជន៍ជាតិជាធំ របស់ប្រជាពលរដ្ឋយើង។

ជាមួយគ្នានោះ លោក អ៊ាង សុផល្លែត បានបន្ថែមថា ក្នុងពេលឆាប់ៗខាងមុខ ខេត្តមួយនៅក្នុងប្រទេសចិន នឹងមកសហការជាមួយខេត្តត្បូងឃ្មុំ របស់ប្រទេសកម្ពុជា ក្នុងការបណ្តុះបណ្តាលផ្នែកភាសាដល់សិស្សនិស្សិត និងប្រជាពលរដ្ឋដើម្បីបង្កភាពងាយស្រួលទំនាក់ទំនងគ្នាយូរអង្វែងទៅថ្ងៃអនាគតលើគ្រប់វិស័យ ព្រោះថាកម្ពុជា-ចិន ជាមហាមិត្តដែកថែបជាមួយគ្នា៕