(ភ្នំពេញ)៖ នៅក្នុងក្របខណ្ឌនៃការប្រារព្ធទិវាមួយម៉ោងសម្រាប់ភពផែនដី នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តមណ្ឌលគិរី អង្គការ WWF និងក្រុមហ៊ុនឯកជនដៃគូ បានសហការរៀបចំប្រារព្ធកម្មវិធីរត់ប្រណាំងក្រោមប្រធានបទ «រត់ដើម្បីបរិស្ថាន ធម្មជាតិ និងសុខភាព» នៅលើទឹកដីក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលបានទទួលវិញ្ញាបនបត្រទទួលស្គាល់ថាជាក្រុងដីស្អាតរបស់អាស៊ាន។

កម្មវិធីនេះប្រព្រឹត្តឡើងក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក តុប សុភក្តិ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងមានអ្នកចូលរួមប្រមាណជិត២០០នាក់ មកពីរាជធានីភ្នំពេញ និងខេត្តមណ្ឌលគិរី។

លោក នេត្រ ភក្ត្រា បានថ្លែងថា កម្មវិធីរត់ប្រណាំងនេះជាឱកាសមួយសម្រាប់អ្នកស្រឡាញ់បរិស្ថាន ធនធានធម្មជាតិ និងអ្នកស្រឡាញ់សុខភាពមានឱកាសជួបជុំគ្នា ដើម្បីធ្វើសកម្មភាពរួមគ្នាដើម្បីបុព្វហេតុបរិស្ថាន ធនធានធម្មជាតិ និងសុខុមាលភាពរបស់ខ្លួន ហើយគឺជាការបង្ហាញឱ្យឃើញពីចំណងទាក់ទងគ្នារវាងមនុស្ស និងធម្មជាតិ ដែលមនុស្សចាំបាច់ត្រូវការធម្មជាតិក្នុងការទទួលបានខ្យល់ដកដង្ហើមដ៏បរិសុទ្ធ បរិស្ថាននិងអនាម័យល្អ ដើម្បីផាសុកភាពសម្រាប់មនុស្សរស់នៅ និងធម្មជាតិបានផ្តល់នូវអាហារូបត្ថម្ភ ដល់មនុស្សគ្រប់រូបយ៉ាងសម្បូណ៌បែប។

លោកបានលើកឡើងថា ធម្មជាតិអាចអត់មនុស្សបាន ប៉ុន្តែមនុស្សមិនអាចអត់ធម្មជាតិបាននោះទេ គឺត្រូវការជាប្រចាំរាល់ថ្ងៃ។ លោកគូសបញ្ជាក់ថា ប្រសិនបើធម្មជាតិត្រូវបានបំផ្លាញនោះជីវីតមនុស្សសត្វក៏ប្រឈមមុខនឹងការផ្លិចបំផ្លាញដូចគ្នា។ ការគោរព ស្រឡាញ់ ថែរក្សាអភិរក្សធនធានធម្មជាតិគឺជាការ គោរពស្រឡាញជីវិតមនុស្ស។ លោកថា «យើងគោរពធម្មជាតិ នោះធម្មជាតិនឹងផ្តល់ការគោរពនិងផលប្រយោជន៍យ៉ាងច្រើនដល់យើងវិញ»។

អ្នកចូលរួមរត់ប្រណាំងដែលមានទាំងជនជាតិខ្មែរនិងបរទេស ពោរពេញដោយទឹកមុខសប្បាយរីករាយនិងប្រកបដោយមោទកភាព។ ការរត់ប្រណាំងនេះមានចម្ងាយប្រមាណ៥គីឡូម៉ែត្រនៅក្នុងក្រុងសែនមនោរម្យ ដោយចាប់ផ្តើមពីទីស្នាក់ការអង្គការ WWF រហូតដល់សួសច្បារដំរីដែកនៅកណ្តាល ក្រុងសែនមនោរម្យ។ រូបភាពនៃសកម្មភាពរត់ប្រណាំងនេះ បានបង្ហាញដល់ប្រជាពលរដ្ឋនៅក្នុងក្រុងសែនមនោរម្យអំពីសារៈសំខាន់នៃការការពារនិងអភិរក្សធនធានធម្មជាតិ និងការគិតគូរពីសុខភាពខ្លួននិងសហគមន៍ទាំងមូល។

លោក នេត្រ ភក្ត្រា បានថ្លែងថា ចេញពីទីក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ប្រជាពលរដ្ឋនឹងយល់កាន់តែច្បាស់លាស់ថា បរិស្ថាននិងធនធានធម្មជាតិពិតជាមានសារៈសំខាន់ ហើយសុខភាពយើងក៏កាន់តែសំខាន់ ហើយក៏ពឹងអាស្រ័យលើបរិស្ថានធម្មជាតិផងដែរ។

ក្នុងការរត់ប្រណាំងនេះ ជ័យលាភីលេខ១ ដល់លេខ៣ បានទទួលពាននិងសម្ភារៈមួយចំនួន ប្រគល់ដោយគណៈអធិបតីមកពីក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ រដ្ឋបាលខេត្ត និងអង្គការ WWF។

ដោយឡែកទិវាមួយម៉ោងសម្រាប់ភបដែដីនឹងត្រូវប្រារព្ធនៅល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំក្រោមអធិបតីភាពលោករដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា នៅសួនច្បារក្រុងសែនមនោរម្យ ដោយរំពឹងថាមានអ្នកចូលរួមច្រើនកុះករ។ ម្យ៉ាងទៀត អ្នកចម្រៀងដ៏ល្បីនៅកម្ពុជាគឺកញ្ញា មាស សុខសោភា និងតារាចម្រៀងផ្សេងទៀត និងមានការសម្តែងសិល្បៈពីជនជាតិដើមទៀតផង៕