(ភ្នំពេញ)៖ លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ និងលោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានរៀបចំពិធីសួរសុខទុក្ខសំណេះសំណាល និងឧបត្ថម្ភអំណោយដល់គ្រួសារអ្នករងគ្រោះដោយសារជំងឺកូវីដ១៩ចំនួន១០៧នាក់ នៅក្នុងមូលដ្ឋានខណ្ឌ នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២។

លោកស្រី មុំ ចាន់ដានី និងលោក ឯក ឃុនដឿន បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ តាមរយៈការបន្តអនុវត្តវិធានការផ្សេងៗរបស់ក្រសួងសុខាភិបាល ពិសេសវិធានការ «៣កុំ និង៣ការពារ ហើយនឹង២ចូលរួម» របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោយពីបានជាសះស្បើយពីជំងឺកូវីដ រួមមាន ៣ការពារ គឺពាក់ម៉ាស លាងសម្អាតដៃឲ្យបានញឹកញាប់ គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលចាប់ពី១ម៉ែត្រកន្លះឡើងទៅ និង៣កុំ គឺកុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប្រើម៉ាស៊ីនត្រជាក់ច្រើនពេក កុំទៅកន្លែងមានមនុស្សច្រើនកុះករ កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ហើយនិង២ចូលរួម គឺចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងស្កេនកូដទីតាំងទប់ស្កាត់ជំងឺកូវីដ-១៩៕