(កំពង់ឆ្នាំង)៖ ឈ្មួញជនជាតិវៀតណាមដែលទិញត្រីពីក្រុមអ្នកនេសាទដែលប្រើឧបករណ៍ឆក់ត្រជាក់នៅខេត្តកំពង់ឆ្នាំង ត្រូវបានកម្លាំងសមត្ថកិច្ចចាប់វាយខ្នោះបញ្ជូនទៅតុលាការ និងដកហូតឧបករណ៍នេសាទល្មើសច្បាប់ជាច្រើន។

ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់លោកអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ឆ្នាំង ដែលមានរយៈពេល៣ថ្ងៃ ក្នុងនោះកម្លាំងចម្រុះរួមមានមន្ត្រីនគរបាល មន្ត្រីអាវុធហត្ថ អាជ្ញាធរ និងមន្ត្រីខណ្ឌរដ្ឋបាលជលផល ចុះបង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំ ក្នុងស្រុកចំនួន៤ ក្នុងខេត្តកំពង់ឆ្នាំង ដែលស្ថិតនៅជាប់និងបឹងទន្លេសាប មានស្រុកកំពង់ត្រឡាច ស្រុកជលគិរី ស្រុកកំពង់លែង និងស្រុកបរិបូរណ៍។

ក្រុមចម្រុះបានដកហូតនូវឧបករណ៍នេសាទល្មើសច្បាប់ជាច្រើន មានទាំងសាច់អួនក្រឡាតូចធំរាប់ពាន់ម៉ែត្រ និងឧបករណ៍នេសាទល្មើសច្បាប់ផ្សេងៗទៀតជាច្រើនផងដែរ។

លោក តាត សីហាក់ នាយផ្នែករដ្ឋបាលជលផលកំពង់ឆ្នាំង បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឱ្យដឹងថា នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២នេះ ជនជាតិវៀតណាមម្នាក់ ជាឈ្មួញទិញត្រីបានមកពីការនេសាទខុសច្បាប់ (ឆក់ត្រជាក់) ត្រូវបានឃាត់ខ្លួនតាមការបញ្ជាពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។

ជនសង្ស័យខាងលើនេះកម្លាំងចម្រុះឃាត់ខ្លួននៅចំណុចកោះមនោ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ដោយដកហូតវត្ថុតាងត្រីឆ្លាំងចំនួន៣០គីឡូក្រាម ទ្រុងដាក់ត្រី១ និងកន្ត្រងដួសត្រីចំនួន១ ជនសង្ស័យមន្ត្រីជំនាញជលផល និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តច្បាប់៕