(កំពត)៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២នេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងជាប្រធានអនុគណៈកម្មការអប់រំបណ្តុះបណ្តាល និងទំនាក់ទំនងសាធារណៈ និងលោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា បានអញ្ជើញចុះពិនិត្យមើលមណ្ឌលចាក់វ៉ាក់សាំងកូវីដ-១៩ និង ពិនិត្យការងារថែទាំសុខភាពបឋមរបស់សហគមន៍ និងប្រព័ន្ធសុខាភិបាល និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្តកំពត។

ទីតាំងដែលលោកស្រី ឱ វណ្ណឌីន និងតំណាងអង្គការសុខភាពពិភពលោក បានចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរួមមាន៖
*ទី១៖ សាលាខេត្តកំពត
*ទី២៖ មណ្ឌលសុខភាព ស្រែជា

ថ្លែងក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ដែលដល់វេនត្រូវចាក់ដូសទី២ ឬដូសទី៣ និងដូសទី៤ ត្រូវរួសរាន់មកចាក់នៅតាមទីតាំងមូលដ្ឋានសុខាភិបាលរបស់ខ្លួន ដែលនៅជិតផ្ទះ ដើម្បីបង្កើននូវកងការពារជំងឺកូវីដ-១៩។ លោកស្រីបានបន្តថា អ្នកដែលមានជំងឺប្រចាំកាយ ដូចជា អេសដ៍ ឬជំងឺផ្សេងៗទៀត ត្រូវតែចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាចាំបាច់ ដើម្បីការពារខ្លួន។

លោកស្រី ឱ វណ្ណឌីន និងក្រុមការងារ បានពិភាក្សាជាមួយគ្រប់ក្រុមគោលដៅសម្រាប់ជួយឲ្យក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខណ្ឌអនុវត្តការជំរុញបង្កើនការងារថែទំាសុខភាពបឋម បង្កើតក្របខណ្ឌការងារថែទាំសុខភាពបឋម ដែលឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់គុណភាពជីវិតរបស់ពួកគាត់ តាមរយៈការផ្តល់ឲ្យពួកគាត់នូវសេវាថែទាំសុខភាពបឋមគ្រប់ជ្រុងជ្រោយ៕