(ក្រចេះ)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅ ការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តក្រចេះ។

ពិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ នៅសាលមហោស្រពខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អគ្គស្នងការរងនគរបាលជាតិ អគ្គនាយករង ប្រតិភូក្រសួងមហាផ្ទៃ លោក លោកស្រីជាថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត ព្រមទាំង លោក លោកស្រីជាថ្នាក់ដឹកនាំ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និង កងកម្លាំង មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងមន្ត្រីមូលដ្ឋានឃុំ/សង្កាត់ របស់ខេត្តក្រចេះទាំងមូលសរុបមានអ្នកចូលរួមចំនួន ៣៣៣នាក់។

ក្នុងឱកាសនោះ បន្ទាប់ពីលោក វ៉ា ថន អភិបាលខេត្តក្រចេះធ្វើសេចក្ដីរាយការណ៍លទ្ធផលសន្និបាតរយៈពេលមួយថ្ងៃរួចមក លោករដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែង កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារឆ្នាំ២០២១ ដែលរដ្ឋបាលខេត្តក្រចេះ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់របស់ខេត្តក្រចេះសំរេចបានក្នុងការពុះពារបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់តាមគន្លងប្រក្រតីភាពថ្មីនៃជំងឺ កូវីដ១៩ រួមចំណែកធានាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់ រាជរដ្ឋាភិបាល។

ជាពិសេស គឺការចូលរួមយ៉ាងសកម្មក្នុងចលនាជាតិ ក្រោមមគ្គុទេសក៏ដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រយុទ្ធទប់ស្កាត់ និងគ្រប់គ្រងបានជំងឺកូវីដ១៩ ផ្ដល់ឱកាសដល់ការបើក សេដ្ឋកិច្ច និងសង្គមជាតិឡើងវិញ។

សំរាប់ទិសដៅការងារឆ្នាំ២០២២ លោករដ្ឋមន្ត្រី ប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងណែនាំក្នុងនាម រាជរដ្ឋាភិបាលកម្ពុជា ជូនអង្គសន្និបាតនូវគោលការណ៍ជាគន្លឹះសំខាន់ៗមានជាអាទិ៍ ៖

ទីមួយ ៖ ការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ

ទីពីរ ៖ ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ

ទីបី ៖ ការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព និងការដោះស្រាយវិទាទដីធ្លី

ទីបួន ៖ ការគ្រប់គ្រង ការពារសន្តិសុខ និងការអភិវឌ្ឍតំបន់ព្រំដែន

ទីប្រាំ៖ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម

ទីប្រាំមួយ៖ ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន

ទីប្រាំពីរ៖ ការពង្រឹងការអនុវត្តវិធានការនានាដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងជំងឺកូវីដ-១៩

ទីប្រាំបី៖ ការពង្រឹងរបៀបរបបការងារ៕