(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមប្រធានអាស៊ាន ឆ្នាំ២០២២ និងអង្គការសហប្រជាជាតិ (អ.ស.ប) បានប្ដេជ្ញាថា នឹងរិះរកគ្រប់វិធីតាមដែលអាចទៅរួច សំដៅរក្សាផលប្រយោជន៍ជូនប្រទេសមីយ៉ាន់ម៉ា។

នេះបើតាមការផ្សាយលើ Facebook ផ្លូវការរបស់ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងជាប្រសិតពិសេសរបស់ប្រធានអាស៊ាន ទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា ក្រោយជំនួបជាមួយ លោកស្រីបណ្ឌិត ណូលីន ហេហ្សឺរ ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។

លោក ប្រាក់ សុខុន បានបញ្ជាក់ដោយខ្លី ពីលទ្ធផលជំនួបនេះយ៉ាងដូច្នេះថា «យើងទាំងពីរយល់ឃើញដូចគ្នាថា បញ្ហាមីយ៉ានម៉ានៅតែបន្តមានភាពស្មុគស្មាញ ដែលទាមទារស្មារតីបុរេសកម្មរបស់ភាគីមីយ៉ាន់ម៉ា ដើម្បីពន្លឿនការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន។ ក្នុងនាមជាប្រេសិតពិសេស យើងប្ដេជ្ញាថានឹងរិះរកគ្រប់វិធីតាមដែលអាចទៅរួច ដើម្បីសម្រេចបេសកកម្ម និងគោលបំណងរបស់យើង ដែលជាការពិតណាស់ គឺសំដៅរក្សាផលប្រយោជន៍ជូនប្រទេសមីយ៉ាន់ម៉ាទាំងមូល»

សូមជម្រាបថា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានទៅបំពេញទស្សនកិច្ចការងារលើកទី១ នៅប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២២។ បេសកកម្មនេះ ត្រូវបានអមដំណើរដោយ ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង លោក លឹម ចុកហូយ (Lim Jock Hoi) អគ្គលេខាធិការអាស៊ាន។

អំឡុងទស្សនកិច្ច លោក ប្រាក់ សុខុន បានជួបសម្តែងការគួរសមជាមួយ នាយឧត្តមសេនីយ៍ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ព្រមទាំងជួបរដ្ឋមន្ត្រីសំខាន់ៗចំនួន ៣ រូបទៀត របស់មីយ៉ាន់ម៉ា ក្នុងនោះមាន លោក វុនណា ម៉ោង ល្វីន រដ្ឋមន្ត្រីការបរទេស, លោក កូ កូ ឡាំង រដ្ឋមន្រ្តីសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានក្រុមការងារស្តីពីជំនួយមនុស្សធម៌អាស៊ាន និង ឧត្តមសេនីយ៍ យ៉ា ព្យេ រដ្ឋមន្ត្រីការិយាល័យរដ្ឋាភិបាលសហព័ន្ធ និងជាប្រធានគណៈកម្មាធិការសាមគ្គីភាពជាតិ និងកសាងសន្តិភាពផងដែរ រួមទាំងបណ្តាតំណាងទូតនានានៅក្នុងប្រទេសនេះផងដែរ។

ក្នុងសន្និសីទសារព័ត៌មានកន្លងទៅ បន្ទាប់ពីប្រឡប់ពីប្រទេសមីយ៉ាន់ម៉ា លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ភាគីពាក់ព័ន្ធនៅមីយ៉ាន់ម៉ា មិនទាន់ត្រៀមខ្លួនរួចរាល់ ក្នុងការចរចាបញ្ចប់ជម្លោះនៅឡើយទេ។ លោកបានស្នើភាគីពាក់ព័ន្ធមីយ៉ាន់ម៉ា អត់ធ្មត់ជាអតិបរមាចំពោះការប្រើប្រាស់កម្លាំងយោធា ដើម្បីបន្ថូរបន្ថយបរិយាកាសប្រទូសរ៉ាយគ្នា និងសម្របសម្រួលដល់ការផ្តល់ជំនួយមនុស្សធម៌។ ពាក់ព័ន្ធនឹងការស្នើជួប ភាគីខាង លោកស្រី អោង សាន ស៊ូជី គឺលោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា លោក មីន អោង ឡាំង នឹងពិចារណាក្នុងការអនុញ្ញាតឱ្យប្រេសិតពិសេសជួបលោកស្រី អោងសាន ស៊ូជី នៅថ្ងៃអនាគត៕