(ពោធិ៍សាត់)៖ លោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ បានដាក់ចេញនូវផែនការមួយចំនួន ទៅដល់រដ្ឋបាលក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងគ្រប់ទីវត្តអារាម ត្រូវរៀបចំសម្អាត តុបតែងលម្អ រំលេចដោយបដា ទង់ជាតិ ទង់ ក្អែប ទង់ជ្វាលា អមដោយពន្លឺភ្លើងពណ៌តាមដងផ្លូវ ទីប្រជុំជន និងត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នអំពីអគ្គីភ័យគ្រឿងផ្ទុះ ហាមមិនឱ្យ លេងល្បែង ដែលនាំឱ្យខាតបង់ទ្រព្យសម្បត្តិ និងផ្ទុយពីប្រពៃណីជាតិខ្មែរ។ ចំពោះកងកម្លាំងប្រដាប់អាវុធទាំង៣ និងរដ្ឋបាលក្រុង ស្រុក ត្រូវបង្កើតកិច្ចការពារធានាសន្តិសុខឱ្យបានល្អប្រសើរ។

ការដាក់ចេញផែនការបែបនេះរបស់លោកអភិបាលខេត្តបានធ្វើឡើងក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈកម្មការ និងអនុគណៈកម្មការ រៀបចំអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពស២៥៦៥ ដោយបានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ នាយក នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ទីចាត់ការ និងអង្គភាពចំណុះសាលាខេត្តជាច្រើននាក់ទៀត នៅសាលប្រជុំជាន់ទី១។

លោក ជាវ តាយ បានបន្តថា តាមសេចក្តីសម្រេច និងសេចក្តីណែនាំស្តីពី ការបង្កើតគណៈកម្មការ និងអនុគណៈកម្មការទាំង៦ សម្រាប់រៀបចំចាត់ចែងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឱ្យកាន់តែមានភាពអធិកអធ័ម នៅគ្រប់ស្រុកក្រុង ជូនដល់ប្រជាពលរដ្ឋកំសាន្ត។ យោងតាមសេចក្តីសម្រេចមាន១ គណៈកម្មការ ដែលមានសមាសភាព ចំនួន៦១រូប លោក ជាវ តាយ អភិបាលអភិបាលខេត្ត ជាប្រធាន និងលោក ចេង ឡៃ អភិបាលរងខេត្ត ជាអនុប្រធានអចិន្ត្រៃយ៍។ អនុគណៈកម្មការមាន៦ គឺ១-អនុគណៈកម្មការខ្លឹមសារ និងពិធីការ ២-អនុគណៈកម្មការ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ៣-អនុគណៈកម្មការពិព័រណ៍ ៤-អនុគណៈកម្មការសិល្បៈ និងល្បែងប្រជាប្រិយ ៥-អនុគណៈកម្មការរៀបចំសោភ័ណភាព និងអនាម័យ និង៦-អនុគណៈកម្មការចំណូល ចំណាយ។

នាឱកាសនោះដែរ លោកអភិបាលខេត្ត បានលើកឡើងថា សមាសភាព របស់លោក លោកស្រី ក្នុងជួរគណៈកម្មការ និងទាំងអនុគណៈកម្មការ មានតួនាទីភារកិច្ច រៀបចំប្រារព្វពិធីបុណ្យរុជំញការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សាធារណៈជន បង្កើនល្បែងប្រជាប្រិយ សម្តែងសិល្បៈ បង្កបរិយាកាសរីករាយ ស្របតាម ទំនៀមទំលាប់ប្រពៃណីខ្មែរ រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ ធ្វើការកៀងគររកចំណូល និងរៀបចំសោភ័ណភាព អនាម័យក្នុងទីប្រជុំជនក្រុង។

ជាមួយគ្នានោះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ត្រូវរៀបចំសម្តែងសិល្បៈ លេងល្បែងប្រជាប្រិយ, មន្ទីរទេសចរណ៍ខេត្ត ត្រូវរៀបចំរមណីដ្ឋានធម្មជាតិ និងប្រវត្តិសាស្ត្រ សម្រាប់ភ្ញៀវជាតិ អន្តរជាតិ ទៅលេងកំសាន្ត, មន្ទីរធម្មការ និងសាសនា ត្រូវសហការជាមួយព្រះមន្ត្រីសង្ឃ និងចៅអធិការវត្ត រៀបចំពិធីបុណ្យឱ្យបានសមស្រប តាមទំនៀបទំលាប់សាសនា, មន្ទីរព័ត៌មានត្រូវចាត់តាំងមន្ត្រីចុះយកព័ត៌មានគ្រប់សកម្មភាព ធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ។

តែទោះជាយ៉ាងនេះក៏ដោយ លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋសូមចូលរួមអនុវត្តវិធានការសុវត្ថិភាព «៣ការពារ និង៣កុំ» ដើម្បីបង្ការការឆ្លងរីករាលដាលជំងឺកូវីដ១៩ ឱ្យបានព្រមៗគ្នា៕