(ភ្នំពេញ)៖ នៅចុងសប្ដាហ៍នេះ វគ្គបណ្ដុះបណ្ដាលអំពីរបៀបសរសេរព័ត៌មានរបស់ Fresh News នឹងឈានដល់ការសរសេរអំពីបទយកការណ៍។ បទយកការណ៍ ដែលជាប្រភេទអត្ថបទវែង ត្រូវបានគេបែងចែកជា២ប្រភេទ ដោយក្នុងនោះមាន News Story និង Feature Story ជាដើម។

នៅក្នុងនាមជាគ្រូបង្គោល លោក ម៉ារ យ៉ារិទ្ធ បានឲ្យដឹងថា៖ «បទយកការណ៍នៃប្រភេទ News Feature គឺជាការសរសេររៀបរាប់សរុបនូវអ្វីដែលយើងបានបញ្ចប់សព្វគ្រប់ក្នុងអត្ថបទក្តៅ ដែលយើងបានតាមដានពីដើមរៀងមក។ ចំណុចពិសេសរបស់វានោះ គឺការប្រើ Delayed Lead»

លោកបានបន្តថា៖ «ចំណែកអត្ថបទយកការណ៍ ដូចជា Feature Story គឺជាអត្ថបទដែលមិនសរសេរសរុបរឿងពាក់ព័ន្ធនឹងដំណឹងក្តៅនោះទេ។ យើងសរសេរអត្ថបទ Feature Story ដោយការស្រាវជ្រាវអំពីរឿងអ្វីមួយ ឬកន្លែងមួយ ដែលយើងចង់ប្រាប់ ឬបង្ហាញទស្សនិកជនថា វាអស្ចារ្យគួរឱ្យភ្ញាក់ផ្អើល ដែលមនុស្សជាច្រើនមិនបាននឹកគិតស្មានដល់។ ឧទាហរណ៍សត្វចង្រិតដែលគេគិតថាជាសត្វល្អិតគួរឱ្យខ្ពើម បែរជាសត្វដែលអាចជួយរកចំណូលកាក់កបដល់មនុស្សមួយចំនួនទៅវិញ»។

យ៉ាងណាមិញនៅសប្ដាហ៍ទី៩នេះ លោក ម៉ារ យ៉ារិទ្ធ នឹងបង្រៀនអំពី News Feature ដែលជាប្រភេទអត្ថបទសរុបនូវរឿងរ៉ាវព័ត៌មាន ដែលកើតមានឡើង។ ប៉ុន្តែពាក់ព័ន្ធចំណុចពិសេសរបស់ News Feature ដែលជា Delayed Lead នោះ យើងនឹងបង្ហាញជូនក្រោយថ្នាក់សិក្សាបានបញ្ចប់។

ថ្នាក់សិក្សារបស់ FTC បានបើកដំណើរការជាងរៀងរាល់សប្ដាហ៍ ដោយមិនមានអាក់ខានអ្វីឡើយ បើទោះជាស្ថិតនៅក្នុងបរិបទនៃជំងឺ COVID-19 ក្ដី។ ដោយថ្នាក់សិក្សារបស់បានរៀបចំគម្លាតសុវត្ថិភាព បាញ់ថ្នាំសម្លាប់មេរោគជាប្រចាំ ព្រមជាមួយការបាញ់អាកុល វាស់កម្ដៅ នៅមុនពេលចូលរៀនថែមទៀតផង។

សូមបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលថ្មី អំពីរបៀបសរសេរព័ត៌មាន នៅ FTC មានរយៈពេល៣ខែ ដែលសិក្សាអំពីរបៀបសរសេរព័ត៌មានដំណឹង (Spot News), បទយកការណ៍ (News Feature) និងបទពិពណ៌នា ឬអត្ថបទកម្សាន្ត (Feature Story) ជាដើម។ អ្វីដែលពិសេសជាមួយវគ្គសិក្សានេះ គឺសម្រាប់សិក្ខាកាមដែលឆ្នើម មានទេពកោសលល្អ នឹងត្រូវអនុញ្ញាតឱ្យបន្តហាត់ការណ៍បន្ថែមជាមួយអង្គភាពព័ត៌មាន Fresh News ផងដែរ។

មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (Fresh News Training Center) ហៅកាត់ថា «FTC» ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ដែលត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន ក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយក្នុងវិស័យព័ត៌មានជាដើម។

FTC មានលោក ម៉ារ យ៉ារិទ្ធ ជាប្រធានដែលលោកមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជាង៣០ឆ្នាំមកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ លោកក៏ជាអតីតនិស្សិតខ្មែរ ដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក។

នៅក្រោយការបញ្ចប់វគ្គសិក្សា លោកអ្នកនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដែលចេញដោយអង្គភាព និងគ្រូបង្គោលទៀតផង៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
១៖ លោក ពេជ្រ ប៊ុនសាយ អគ្គនាយករងអង្គភាពព័ត៌មាន Fresh News និងជាអនុប្រធានប្រចាំការ FTC ទូរស័ព្ទ និង Telegram លេខ៖ 089 960 090
២៖ កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈតាមរយៈលេខទូរស័ព្ទ ឬ Telegram ៖ 092 322 334