(ភ្នំពេញ)៖ ក្រុមប្រឹក្សាជំនុំជម្រះ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ បានបើកសវនាការជាសាធារណៈ ដើម្បីដោះស្រាយសំណុំរឿងចំនួន ៣ ពាក់ព័ន្ធនឹងបញ្ជីបេក្ខជននៃគណបក្សភ្លើងទៀន ដែលប្រជាពលរដ្ឋបានប្តឹងបដិសេធនៅសង្កាត់ចំនួន ៣។

សង្កាត់ទាំង ៣នោះ រួមមានសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ នៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក និងនៅសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ថា ក្នុងសវនាការនេះ ក្រុមប្រឹក្សា ជំនុំជម្រះ នៃ គ.ជ.ប បានសម្រេច៖

* លុបបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៃគណបក្សភ្លើងទៀន សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
* លុបបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៃគណបក្សភ្លើងទៀន សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
* លុបបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៃគណបក្សភ្លើងទៀន សង្កាត់មនោរម្យ ខណ្ឌ ៧មករា រាជធានីភ្នំពេញ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

បើតាមសេចក្តីប្រកាសព័ត៌មានដដែល បានឲ្យដឹងបន្តថា៖

* ក្នុងសំណុំរឿងលេខ ១៣៩ ដើមបណ្ដឹងឈ្មោះ ស៊ូ កញ្ញា ភេទស្រី កើតថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០០១ មានទីលំនៅ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ជាប្រជាពលរដ្ឋបានប្តឹងបដិសេធបញ្ជីបេក្ខជនរបស់គណបក្សភ្លើងទៀន នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

* ក្នុងសំណុំរឿងលេខ ១៤០ ដើមបណ្ដឹងឈ្មោះ នួន ឌុក ភេទប្រុស កើតថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៤៧ មានទីលំនៅ ផ្ទះលេខ៤អាអឺ១ ផ្លូវ៣៣៦ ភូមិ១០ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាប្រជាពលរដ្ឋបានប្តឹងបដិសេធបញ្ជីបេក្ខជនរបស់គណបក្សភ្លើងទៀន នៅសង្កាត់ ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

* ក្នុងសំណុំរឿងលេខ ១៤១ ដើមបណ្ដឹងឈ្មោះ ចាន់ ជួនជឿន ភេទប្រុស កើតថ្ងៃទី១ ខែ មករា ឆ្នាំ១៩៤៥ មានទីលំនៅ ផ្ទះលេខ៤៧អឺ៣ ផ្លូវ១៤៤ ភូមិ៧ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ជាប្រជាពលរដ្ឋបានប្តឹងបដិសេធបញ្ជីបេក្ខជនរបស់គណបក្សភ្លើងទៀន និងបេក្ខជន ២រូប បានប្តឹងសុំលុបឈ្មោះរបស់គាត់ចេញពីបញ្ជីបេក្ខជនគណបក្សភ្លើងទៀន នៅសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

បន្ទាប់ពីបានស្ដាប់ការឆ្លើយបំភ្លឺរបស់ដើមបណ្ដឹង ចុងចម្លើយ ស្តាប់ការឆ្លើយបំភ្លឺរបស់មេធាវី តំណាងដើមបណ្តឹង និងមេធាវីតំណាងចុងចម្លើយ ព្រមទាំងបានពិនិត្យកំណត់ហេតុសាកសួរ និងស្តាប់ចម្លើយសាក្សីពាក់ព័ន្ធនឹងសំណុំរឿងខាងលើ ក្រោយពីបានពិនិត្យពិចារណាគ្រប់អង្គហេតុ និងក្រោយពីបានពិភាក្សាស្របតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រុមប្រឹក្សា ជំនុំជម្រះ នៃ គ.ជ.ប បានសម្រេចលុបញ្ជីឈ្មោះអ្នកទាំង ៣រូបនោះតែម្តង។

សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប ជំនុំជម្រះ បានប្រកាសជាសាធារណៈ នៅចំពោះមុខដើមបណ្ដឹង ចុងចម្លើយ និងមេធាវីតំណាង ជាសេចក្ដីសម្រេចស្ថាពរបិទផ្លូវតវ៉ា៕