(ភ្នំពេញ)៖ គ្រឹះស្ថានស្រាវជ្រាវ និងបោះពុម្ពផ្សាយហាតប៊ុក បានចេញផ្សាយស្នាដៃមួយក្រោមចំណងជើងថា «សម្តេច ជួន ណាត» ដែលជាប្រភេទសៀវភៅជីវប្រវត្តិ និងរឿងរ៉ាវជាច្រើនទាក់ទងនឹងវិស័យអក្សរសាស្ត្រជាតិ និងព្រះពុទ្ធសាសនា។

សៀវភៅដែលមានកម្រាស់ ៤៤០ទំព័រមួយនេះ ត្រូវបានស្រាវជ្រាវនិងរៀបរៀងដោយ ព្រះតេជព្រះគុណ វ៉ាន់ ចាន់ធឿន និស្សិតជំនាញអក្សរសាស្ត្រខ្មែរ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)។ ព្រះតេជព្រះគុណ វ៉ាន់ ចាន់ធឿន មានសង្ឃដីកាថា វត្តមានសៀវភៅសម្តេច ជួន ណាត នឹងអាចជួយមួយផ្នែក ដល់អ្នកសិក្សាលើផ្នែកអក្សរសាស្ត្រ និងប្រវត្តិសាស្ត្រជាតិផងដែរ។

សូមជម្រាបថា សៀវភៅនេះមាន ១២ចំពូក ដោយចំពូក១ និយាយអំពីបុព្វប្រវត្តិ (ប្រវត្តិខាងដើម) ចំពូក២ និយាយអំពីព្រះរាជជីវប្រវត្តិ ចំពូក៣ និយាយអំពីព្រះរាជសកម្មភាព ចំពូក៤ និយាយអំពីសញ្ញាបត្របណ្ឌិតអក្សរសាស្ត្រខ្មែរ ចំពូក៥ និយាយអំពីប្រវត្តិសង្គាយនាលើពិភពលោក និងប្រទេសកម្ពុជា ចំពូក៦ និយាយអំពីប្រវត្តិក្រុមជំនុំប្រែព្រះត្រៃបិដក ចំពូក៧ និយាយអំពីប្រវត្តិនៃការបង្កើតវចនានុក្រមខ្មែរ ចំពូក៨ និយាយអំពីប្រវត្តិពុទ្ធិកសិក្សា ចំពូក៩ និយាយអំពីប្រវត្តិអង្គការខេមរយានកម្ម ចំពូក១០ និយាយអំពីភ្លេងជាតិ ឬបទនគររាជ ចំពូក១១ និយាយអំពីជីវិតចុងក្រោយ និងចំពូក១២ និយាយអំពីព្រះឱវាទនិងពាក្យកាព្យអប់រំរបស់សម្តេច៕