(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញបិទសន្និបាតការងារកំចាត់រោគរបេងទូទាំងប្រទេស លើកទី២៥ នៅសណ្ឋាគារភ្នំពេញ។ ក្នុងពិធីបិទសន្និបាតនេះ មានការចូលរួមពីរដ្ឋលេខាធិកា អនុរដ្ឋលេខាធិការ

និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនផងដែរ។

នៅក្នុងឱកាសនោះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានលើកឡើងថា ដំណើរការសន្និបាតក្នុងរយៈពេល ២ថ្ងៃកន្លង មកនេះ បានប្រព្រឹត្តទៅប្រកបដោយជោគជ័យដែលឆ្លុះបញ្ចាំងឱ្យឃើញពីការខិតខំប្រឹងប្រែងរួមគ្នារវាង ស្ថាប័ន សុខាភិបាល និងប្រតិបត្តិករ គ្រប់លំដាប់ថ្នាក់ ស្ថាប័នពាក់ព័ន្ធផ្សេងៗ ព្រមទាំងអង្គការជាតិ និងអន្តរជាតិនានាទៀតផង។ អាស្រ័យដោយមានកិច្ចទំនាក់ទំនង និងសហការបានយ៉ាងល្អដូច្នេះហើយ ទើបការងារកំចាត់រោគរបេងកន្លងមកទទួលបានជោគជ័យ គួរជាទីមោទនៈ។

របាយការណ៍បានបញ្ជាក់ថា ក្នុងឆ្នាំ២០២១ កម្មវិធីជាតិកំចាត់រោគរបេង សម្រេចបានសមិទ្ធផលសំខាន់ៗថ្មីបន្ថែមទៀត ពិសេសការបន្តរក្សាបាននូវអត្រាព្យាបាលជោគជ័យលើសពី ៩០% និងបានស្រាវជ្រាវរកឃើញជំងឺរបេង គ្រប់សណ្ឋានសរុប ចំនួន២១ ៦២៧ ករណី ។ ការរក្សាបានការគ្របដណ្តប់ដៃដំណើរការសេវារបេង នៅគ្រប់មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាពទាំងអស់ទូទាំងប្រទេស ព្រមទាំងមានសេវាដូតសំតាមសហគមន៍ នៅមណ្ឌលសុខភាព ចំនួន ១ ១៤៧ ក្នុងស្រុកប្រតិបត្តចំនួន ៨៩។

កម្ពុជាបានកាត់បន្ថយអត្រាឈឺ និងអត្រាស្លាប់ដោយសារជំងឺរបេង គួរឱ្យកត់សំគាល់ ពីអត្រាឈឺ រឺ អាំងស៊ីដង់ បានធ្លាក់ចុះពី ៥៧៩ករណី ក្នុងចំណោមប្រជាជន ១០០,០០០នាក់ នៅឆ្នាំ២០០០ មកព្រម ២៧៤ករណី ក្នុងចំណោមប្រជាជន ១០០,០០០នាក់ នៅឆ្នាំ២០២០ ដែលស្មើនឹងការធ្លាក់ចុះ ៥៣% ឯអត ស្លាប់ បានធ្លាក់ចុះពី ៤២ ករណី ក្នុងចំណោមប្រជាជន ១០០,០០០នាក់ ក្នុងឆ្នាំ២០០០ មកត្រឹម ២០ ករណីក្នុង ចំណោមប្រជាជន ១០០០០០ នាក់ នៅឆ្នាំ២០២០ ដែលស្មើនឹងការធ្លាក់ចុះ ៥២% ។

ឆ្លៀតក្នុងឱកាសនេះដែរ លោកសាស្រ្ដា ម៉ម ប៊ុនហេង បានផ្ដល់នូវអនុសាសន៍មួយចំនួនដូចខាងក្រោម៖

១៖ ក្នុងឆ្នាំ២០២២នេះ ត្រូវតែខិតខំប្រឹងប្រែងថែមទៀត ក្នុងការស្រាវជ្រាវអ្នកជំងឺរបេងគ្រប់សណ្ឋាន ឱ្យបានយ៉ាងតិច ៣២៥៦២ករណី និងសូមបន្តរក្សាឱ្យបានអត្រាព្យាបាលជោគជ័យលើស៩០%។

២៖ ជំរុញការផ្តល់សេវាស្រាវជ្រាវ និងព្យាបាលជំងឺរបេងដែលមានហានិភ័យខ្ពស់

៣៖ ត្រូវរៀបចំ ពង្រឹង និងពង្រីកឱ្យបានប្រសើរឡើងថែមទៀត ក្នុងការងារប្រយុទ្ធនឹងជំងឺរបេង សុាំនឹងឱសថ ដោយសហការជាមួយនឹងភាគីពាក់ព័ន្ធ ជាពិសេសជំរុញលើកទឹកចិត្តយ៉ាងណា ឱ្យអ្នកជំងឺ ប្រើប្រាស់ថ្នាំរបេងឱ្យបានត្រឹមត្រូវ និងរហូតដល់ចប់។

៤៖ ត្រូវរក្សាឱ្យបានដំណើរការ សកម្មភាពការងារប្រយុទ្ធនឹងជំងឺរបេង នៅមន្ទីរពេទ្យ មណ្ឌលសុខភាព និងពង្រីកថែមទៀត ដូតស៍សហគមន៍ ដែលជាសកម្មភាពថែទាំព្យាបាលជំងឺ នៅជិតផ្ទះអ្នកជំងឺបំផុត ។

៥៖ បន្តជំរុញការចូលរួម ពីស្ថាប័នសុខាភិបាលដទៃទៀតដូចជា អគ្គនាយកដ្ឋានពន្ធនាគារ នាយកដ្ឋាន សុខាភិបាលនៃ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សេវា ថែទាំសុខភាពផ្នែកឯកជន រាប់បញ្ចូលទាំងអង្គការក្រៅរដ្ឋាភិបាល និងសមាគមកម្ពុជា ក្នុងការប្រយុទ្ធ និងជំងឺរង។

៦៖ ពង្រឹងថែមទៀត កិច្ចសហប្រតិបត្តិការជាមួយដៃគូគ្រប់លំដាប់ថ្នាក់ និងជំរុញថែមទៀត ការកៀរគរ ធនធាន ដើម្បីសម្រេចទិសដៅរបស់កម្មវិធីសំរាប់ឆ្នាំ ២០២២ និងឆ្នាំបន្តដែលក្នុងនោះរាប់ទាំងអ្នក ផ្តល់ជំនួយដែលមានស្រាប់ និងខិតខំកៀរគរធនធានពីអ្នកផ្ដល់ជំនួយថ្មីៗថែមទៀត៕