(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានឆ្នាំ២០២២ បានប្រាប់លោកស្រីបណ្ឌិត Noeleen Heyzer ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) សម្រាប់មីយ៉ាន់ម៉ា អំពីជំហានចំនួន៣ នៃការងាររបស់លោក ស្តីពីការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា។ នេះបើតាមសេក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

លោក ប្រាក់ សុខុន បានផ្លាស់ប្តូរទស្សនៈ និងពិភាក្សាជាមួយ លោកស្រីបណ្ឌិត Noeleen Heyzer អំពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងអាស៊ាន-អង្គការសហប្រជាជាតិ ក៏ដូចជារវាងប្រេសិតពិសេសទាំងពីរ នៅក្នុងជំនួបពិភាក្សាការងារ ដែលបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងការបរទេស នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។ នេះគឺជាជំនួបលើកទីពីរ បន្ទាប់ពីជំនួបលើកទី១ កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២១។

ក្រសួងការបរទេសបានបញ្ជាក់យ៉ាងដូច្នេះថា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូន លោកស្រីបណ្ឌិត Heyzer អំពីជំហានចំនួន៣ នៃការងារ នាពេលបន្ទាប់របស់លោក ក្នុងនាមជាប្រេសិតពិសេស ដូចខាងក្រោម៖

* ជំហានទីមួយ៖ ការត្រៀមរៀបចំកិច្ចប្រជុំពិគ្រោះយោបល់អំពីជំនួយមនុស្សធម៌ដែលគ្រោងនឹងរៀបចំនៅដើមខែឧសភា ដើម្បីធ្វើការផ្លាស់ប្តូរទស្សនៈ ជាមួយភាគីផ្សេងៗលើរបៀបក្នុងការចែកចាយជំនួយមនុស្សធម៌ប្រកបដោយប្រសិទ្ធភាពឱ្យទៅដល់ប្រជាជនដែលត្រូវការជំនួយបំផុតដោយគ្មានការរើសអើង។

* ជំហានទីពីរ៖ គឺអំពីគម្រោងរៀបចំជំនួបតាមប្រព័ន្ធវីដេអូរវាង សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោកនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង។

* ជំហានទីបី៖ អំពីដំណើរទស្សនកិច្ចជាលើកទី២របស់លោក ទៅកាន់ប្រទេសមីយ៉ាន់ម៉ា។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានចាប់ផ្តើមកិច្ចពិភាក្សាដោយជម្រាបជូនដៃគូសន្ទនា របស់លោកអំពីសកម្មភាព ការប្រឈមនានា និងលទ្ធផលនៃជំនួបរបស់លោកជាមួយភាគី ពាក់ព័ន្ធជាច្រើន ក្នុងអំឡុងពេលទស្សនកិច្ចជាលើកដំបូងរបស់លោក ទៅកាន់ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី ២១-២៣ ខែមីនា ឆ្នាំ២០២២ ដោយផ្តោតជាសំខាន់ទៅលើអាទិភាពបន្ទាន់ចំនួន៣ រួមមាន ដំណើរឆ្ពោះទៅរកការបញ្ចប់អំពើហិង្សា សម្របសម្រួលការចែកចាយជំនួយមនុស្សធម៌ និងការកសាងជំនឿទុកចិត្ត និងបង្កើតបរិយាកាសដើម្បីចាប់ផ្តើមកិច្ចសន្ទនាមួយប្រកបដោយបរិយាប័ន្ន និងស្ថាបនា ក្នុងចំណោមគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

លោកឧបនាយករដ្ឋមន្រ្តី បានបន្តថា ដំណើរទស្សនកិច្ចរបស់លោកត្រូវបានទទួលស្វាគមន៍ជាទូទៅ និងត្រូវបានចាត់ទុកថាជាដំណើរឆ្ពោះទៅមុខដ៏សំខាន់ នៅក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចរបស់អាស៊ាន ដោយគូសបញ្ជាក់ថា នៅក្នុងអំឡុងពេលពីរថ្ងៃនៃដំណើរទស្សនកិច្ចលោក ទទួលបានការយល់ដឹងពាក់ព័ន្ធជាច្រើន សម្រាប់ដំណើរឆ្ពោះទៅមុខក្នុងការបញ្ចប់អំពើហិង្សា ក្នុងការយល់ដឹងបន្ថែមទៀតអំពីហេតុផលនៅពីក្រោយភាពមិនដូចគ្នានៃ ទស្សនៈ និងជំហរ ក្នុងចំណោមភាគីពាក់ព័ន្ធ ក៏ដូចជា តម្រូវការដើម្បីដោះស្រាយឧបសគ្គនានា ក្នុងការចែកចាយជំនួយមនុស្សធម៌។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានលើកឡើងផងដែរអំពីបញ្ហាប្រឈមនានា ដោយគូសបញ្ជាក់ថា តួអង្គនយោបាយខុសៗគ្នានៃប្រទេសមីយ៉ាន់ម៉ា នៅមិនទាន់បានត្រៀមខ្លួនរួចរាល់សម្រាប់កិច្ចពិភាក្សានោះទេ និងនៅតែមានការតាំងចិត្តយ៉ាងមុតមាំក្នុងការបន្តការតស៊ូរបស់ពួកគេ នៅគ្រប់ទម្រង់ ជាពិសេសតាមរយៈការតស៊ូប្រដាប់អាវុធ។ លោកបានបន្តទៀតថា វាច្បាស់ណាស់ថា គ្មានដំណោះស្រាយភ្លាមៗចំពោះបញ្ហាដែលបានចាក់ឫសយ៉ាងជ្រៅ នៅក្នុងប្រទេស សង្គម និងនៅក្នុងសតិអារម្មណ៍របស់ប្រជាជនមីយ៉ាន់ម៉ា នោះទេ។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកស្រីបណ្ឌិត Heyzer បានពិភាក្សាគ្នាយ៉ាងវែងអំពីការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់អំពីជំនួយមនុស្សធម៌ និងការបង្កើតច្រករបៀងមនុស្សធម៌ ដើម្បីធានាដំណើរការផ្តល់ជំនួយដោយរលូន និងសុវត្ថិភាព។ ក្នុងន័យនេះ លោកស្រីបណ្ឌិតប្រេសិតពិសេសអង្គការសហប្រជាជាតិ បានធានាចំពោះ ឧបនាយករដ្ឋមន្ត្រី អំពីការគាំទ្រ និងការចូលរួមយ៉ាងពេញលេញរបស់អង្គការសហប្រជាជាតិ។

ប្រេសិតពិសេសទាំងពីរក៏បានពិភាក្សាគ្នាផងដែរ អំពីតួនាទីរបស់ប្រទេសមួយចំនួនក្នុងតំបន់ និងសហគមន៍អន្តរជាតិទាំងមូល ក្នុងការស្វែងរកដំណោះស្រាយចំពោះវិបត្តិមីយ៉ាន់ម៉ា។ ចំពោះកិច្ចសហប្រតិបត្តិការអាស៊ាន-អង្គការសហប្រជាជាតិ ប្រេសិតទាំងពីរបានឯកភាពធ្វើការរួមគ្នាក្នុងការជួយប្រទេសមីយ៉ាន់ម៉ាឱ្យរួចផុតពីវិបត្តិនេះ តាមរយៈកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចរបស់អាស៊ាន។

លោកឧបនាយករដ្ឋមន្ត្រី និងប្រេសិតអង្គការសហប្រជាជាតិ ក៏បានពិភាក្សាគ្នាផងដែរ អំពីទម្រង់សហប្រតិបត្តិការបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ដែលត្រូវអនុវត្តដោយអាស៊ាន និងអង្គការសហប្រជាជាតិ និងដោយប្រេសិតពិសេសទាំងពីរ ក្នុងដំណើរការជាជំហានៗ ដោយចាប់ផ្តើមពីការចែកចាយជំនួយមនុស្សធម៌ទៅ។]

លោកស្រីបណ្ឌិត Heyzer បានទទួលស្គាល់នូវការលំបាកនានា ដែលកម្ពុជាកំពុងប្រឈមក្នុងនាមជាប្រធានអាស៊ានបច្ចុប្បន្ន និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និង ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងការបើកផ្លូវសម្រាប់ដំណើរការស្វែងរកដំណោះស្រាយចំពោះវិបត្តិមីយ៉ាន់ម៉ា៕