(ភ្នំពេញ)៖ ក្នុងចំណោមប្រទេសចំនួន៣៦ ដែលចូលរួមកិច្ចសន្ទនាអន្តរសកម្មស្ដីពីរបាយការណ៍ផ្ទាល់មាត់របស់អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ មានប្រទេសចំនួន២៨ហើយ បានថ្លែងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែង វឌ្ឍនភាព និងសមិទ្ធផលរបស់កម្ពុជា ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស ខណៈ មានតែ៨ប្រទេសប៉ុណ្ណោះដែលទិតៀន។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា នៅក្នុងឱកាសនោះ គណៈប្រតិភូពីប្រទេសចំនួន២៨ បានថ្លែងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែង វឌ្ឍនភាព និងសមិទ្ធផលរបស់កម្ពុជា ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស។ ក្នុងនោះ គណៈប្រតិភូជាច្រើនបានអបអរសាទរចំពោះវិធានការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ រួមទាំងអត្រាដ៏ខ្ពស់នៃការចាក់វ៉ាក់សាំងទូទាំងប្រទេសដោយឥតគិតថ្លៃ និងកម្មវិធីគាំពារសង្គមជាច្រើនដល់ក្រុមងាយរងគ្រោះ ព្រមទាំងទទួលស្គាល់ចំពោះវឌ្ឍនភាពនិងសមិទ្ធផលនានា ក្នុងការលើកកម្ពស់តួនាទីស្ត្រីក្នុងភាពជាអ្នកដឹកនាំ សហគ្រិនភាព ក្នុងសន្តិភាពនិងសន្តិសុខ ក៏ដូចជាការលើកកម្ពស់សិទ្ធិកុមារ។

ជាមួយគ្នានេះ គណៈប្រតិភូក៏បានលើកសរសើរកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងកិច្ចពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធយ៉ាងទូលំទូលាយ ក្នុងការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពី ស្ថាប័នជាតិសិទ្ធិមនុស្ស ស្របតាមគោលការណ៍ទីក្រុងប៉ារីស និងបានថ្លែងសង្កត់ធ្ងន់លើរបៀបរបបការងាររបស់អ្នករាយការណ៍ពិសេស ដែលគួរតែគោរពគោលការណ៍សត្យានុម័ត តុល្យភាព មិនធ្វើនយោបាយូបនីយកម្ម និងមិនជ្រើសរើសតែមួយជ្រុង ដោយត្រូវគិតគូរផងដែរនូវទស្សនៈរបស់រដ្ឋាភិបាល កាលៈទេសៈរបស់ប្រទេស និងសារៈសំខាន់នៃប្រភពព័ត៌មានដែលអាចជឿជាក់បាន និងមានការផ្ទៀងផ្ទាត់ត្រឹមត្រូវ ព្រមទាំងអង្គហេតុពិត។ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងកំណែទម្រង់បោះឆ្នោត លំហនយោបាយ និងពហុភាពនៃទស្សនៈនយោបាយ សំដៅធានាថា ការបោះឆ្នោតនាពេលខាងមុខ ប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ មានសណ្ដាប់ធ្នាប់ ដោយសន្តិវិធី និងមានតម្លាភាព ក៏ត្រូវបានគណៈប្រតិភូប្រទេសអាស៊ាន និងប្រទេសផ្សេងទៀត សម្តែងការស្វាគមន៍ផងដែរ។

«ជាការកត់សម្គាល់ គណៈប្រតិភូចំនួន០៨ ប្រទេសផ្សេងទៀត ដែលបានចូលរួមក្នុងកិច្ចពិភាក្សាខាងលើបានបញ្ចេញមតិយោបល់ទិតៀនលំហពលរដ្ឋនិងនយោបាយ រួមទាំងសេរីភាពនៃការបញ្ចេញមតិ និងការប្រមូលផ្តុំដោយសន្តិវិធី។ ទន្ទឹមនេះ គណៈប្រតិភូទាំងនោះស្ទើរតែទាំងអស់ ក៏បានស្វាគមន៍កិច្ចសហប្រតិបត្តិការដ៏យូរលង់ និងការចូលរួមប្រកបដោយស្ថាបនារបស់កម្ពុជា ជាមួយយន្តការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ រួមទាំងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស គណៈកម្មាធិការតាមដានការអនុវត្តសន្ធិសញ្ញា និងអ្នករាយការណ៍ពិសេស។ ម្យ៉ាងទៀត ក៏មានការទទួលស្គាល់ផងដែរលើវឌ្ឍនភាពសង្គម-សេដ្ឋកិច្ច និងកិច្ចខិតខំប្រឹងប្រែងជាច្រើនរបស់កម្ពុជា ក្នុងការអនុវត្តកំណែទម្រង់ការបោះឆ្នោត»។ នេះជាការគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍៕