(ភ្នំពេញ)៖ លោកបណ្ឌិត Koo Yun-cheol រដ្ឋមន្ត្រី សម្របសម្រួលគោលនយោបាយរដ្ឋាភិបាល ការិយាល័យនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូរ៉េ បានអញ្ជើញទៅទស្សនាគម្រោង ‍‍ ‍«ការអភិរក្សនិងបញ្ចូលបណ្ណសារសារមន្ទីរទួលស្លែងទៅក្នុងប្រព័ន្ធកុំព្យូទ័រ» សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ក្នុងរាជធានីភ្នំពេញ។

ដំណើរទស្សនកិច្ចផ្លូវការធ្វេីឡេីងកាលពីថ្ងៃទី២៩ ខែមីនា ត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសិល្បៈ លោក នោ ហ្យន់ជូន (Rho HyunJun) ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា)ប្រចាំនៅកម្ពុជា លោកបណ្ឌិត ផាក ហ៊ឹងខ្យង់ (Park Heung-kyeong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា លោក ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ព្រមទាំងលោក ហង្ស និស្ស័យ នាយក សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។

គោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីស្វែងយល់ពីប្រវត្តិនៃមន្ទីរឃុំឃាំងស-២១ និងវឌ្ឍនភាពនៃការងារអភិរក្សសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ជាពិសេសលទ្ធផលដ៏ជោគជ័យនៃ «ការអភិរក្សនិងបញ្ចូលបណ្ណសារសារមន្ទីរទួលស្លែងទៅក្នុងប្រព័ន្ធកុំព្យូទ័រ»។

ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីKOICA និងសហការជាមួយក្រសួងវប្បធម៌វិចិត្រសិល្បៈកម្ពុជា និងអង្គការយូណេស្កូ គម្រោងនេះត្រូវបានបញ្ចប់នៅឆ្នាំ២០២១។ គម្រោងនេះបានលើកកម្ពស់សន្តិភាព និងកិច្ចពិភាក្សាអន្តរវប្បធម៌ សម្របសម្រួលកិច្ចខិតខំប្រឹងប្រែងផ្សះផ្សា និងពង្រីកការផ្សព្វផ្សាយ រួមទាំង តាមរយៈ ការអភិរក្សនិងការធ្វើឌីជីថលបណ្ណសារ សារមន្ទីរ ឧក្រិដ្ឋកម្ម ប្រល័យ ពូជសាសន៍ ទួលស្លែង។ តាមរយៈគម្រោងនេះ សរុបចំនួន ៤០៥ ៧៨២ទំព័រ ត្រូវបានធ្វើឌីជីថល និង ៧៤៥ ៤៩៤ទំព័រ ត្រូវបានរក្សាទុកតាមរយៈគម្រោង រួមមាន៖ ការបោះពុម្ពរូបថត ហ្វីល ចម្លើយសារភាព ជីវប្រវត្តិ បញ្ជី សៀវភៅបដិវត្ត ទស្សនាវដ្តី សៀវភៅសរសេរដោយដៃរបស់ខ្មែរក្រហម និងឯកសារផ្សេងទៀត។

រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ និង KOICA គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ក្នុងការអភិរក្សវប្បធម៌កម្ពុជា៕