(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ បានក្រើនរំលឹក ក៏ដូចជាណែនាំដល់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ដែលទទួលបានការបណ្ដុះបណ្ដាលបំប៉នជំនាញពីនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ត្រូវយកចំណេះដឹងនោះ ទៅប្រើប្រាស់ឲ្យចំគោលដៅ និងក្នុងផ្លូវវិជ្ជមានដើម្បីមានប្រយោជន៍ដល់សង្គម។

ក្នុងឱកាសអញ្ជើញបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៣៤ របស់នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានគូសបញ្ជាក់ថា នៅពេលទទួលបានចំណេះដឹង ត្រូវយកទៅចែករំលែកដល់សហការីដែលមិនទាន់បានទទួលការបណ្ដុះបណ្ដាល ពិសេសត្រូវយកទៅប្រើប្រាស់ក្នុងការបំពេញការងារប្រចាំថ្ងៃ ក្នុងការចូលរួមថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម។

លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានថ្លែងយ៉ាងដូច្នេះថា «សូមយកចំណេះដឹងដែលយើងទទួលបានពីថ្នាក់សិក្សានេះ យកទៅអនុវត្ត យកទៅចូលរួមចំណែកផ្សព្វផ្សាយដល់សហការីរបស់យើង ដែលមិនទាន់បានឆ្លងវគ្គសិក្សានេះ។ នេះជាចំណុចសំខាន់ណាស់ ព្រោះមិនមែនមានន័យថា គ្រាន់តែសិក្សាហើយមិនយកទៅប្រើប្រាស់នោះទេ អ្វីដែលសំខាន់នោះ គឺការអនុវត្តជាក់ស្ដែងនៅកន្លែងការងារ»

អគ្គស្នងការរងនគរបាលជាតិរូបនេះ បានបង្ហាញការជឿជាក់ថា ភ្នាក់ងារសន្ដិសុខឯកជន ដែលបានចូលសិក្សាក្នុងវគ្គបំប៉ននេះ នឹងទទួលបាននូវចំណេះដឹងដែលគ្រូឧទ្ទេសនាមខិតខំចែករំលែក ក្នុងរយៈពេល២ថ្ងៃមកនេះ។ លោកថា ចំណេះដឹងបន្ថែមនេះ ក៏គួមផ្សំជាមួយបទពិសោធន៍ដែលភ្នាក់ងារសន្ដិសុខឯកជន កំពុងបំពេញរៀងរាល់ថ្ងៃ នឹងពង្រឹងសមត្ថភាពឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

យោងតាមសេចក្ដីរាយការណ៍របស់ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានឲ្យដឹងថា វគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជនលើកទី៣៤ ប្រព្រឹត្តទៅចំនួន០២ថ្ងៃ ដែលសិក្ខាកាម ភ្នាក់ងារសន្តិសុខឯកជន ១៥៣នាក់ (ស្រី០២នាក់) ក្នុងនោះ មកពីក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជនចំនួន ៣៤ក្រុមហ៊ុន ភ្នាក់ងារសន្តិសុខឯកជន ចំនួន៤៤នាក់ (ស្រី០នាក់) និងមកពីសហគ្រាសគ្រឹះស្ថាន ចំនួន១៦គ្រឹះស្ថាន ភ្នាក់ងារសន្តិសុខឯកជន ចំនួន១០៩នាក់ (ស្រី០១នាក់)។

រហូតដល់បច្ចុប្បន្ននេះ ការបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន បានចំនួន៣៤លើក មាននាយ-នាយរងនគរបាលជាតិ នៃនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត សរុបចំនួន ១១៣នាក់ (ស្រី០៥នាក់) និងសិក្ខាកាមសរុបចំនួន ៦,០២៣នាក់ (ស្រី១៤៥នាក់)។

បើតាមលោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ភ្នាក់ងារសន្តិសុខឯកជន ដែលបានឆ្លងវគ្គបំប៉នជំនាញនេះ ធ្វើឲ្យមានវិជ្ជាជីវៈច្បាស់លាស់ មានក្រមសីលធម៌ល្អ អប្បកិរិយាល្អ មានកិច្ចសហការល្អ និងចេះដឹងផ្នែកច្បាប់មួយចំនួន ធ្វើឲ្យវិស័យសន្តិសុខឯកជននេះ មានការគាំពារ ប្រកបដោយគុណភាព និងនិរន្តភាព ប៉ុន្តែនៅមានភ្នាក់ងារសន្តិសុខឯកជន ជាច្រើន ដែលបានធ្វើសកម្មភាពផ្ទុយទៅនឹងច្បាប់ ធ្វើឲ្យមានភាពចន្លោះប្រហោងនូវការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងមានការជាប់ពាក់ព័ន្ធទៅនឹងបទល្មើស គឺសំដៅទៅលើការចាប់បង្ខាំងមនុស្ស ឬបង្ខាំងជនល្មើសដែលបានប្រព្រឹត្តបទល្មើស ហើយរក្សាទុករយៈពេលយូរ ហើយមិនបានរាយការណ៍ ឬមិនសហការជាមួយសមត្ថកិច្ចនោះទេ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន ក៏បានសំណូមពរ ដល់ភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ត្រូវរាយការណ៍អំពីសភាពការណ៍ ឬបទល្មើស ដែលបានកើតឡើងនូវតាមបណ្តាគោលដៅរបស់ខ្លួនទៅដល់សមត្ថកិច្ច មូលដ្ឋាន ឬសមត្ថកិច្ចជំនាញ ដើម្បីរួមគ្នាបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើស។

លោកបានបន្ដថា កិច្ចការបើកវគ្គបំប៉នជំនាញនេះ ក្នុងគោលបំណងដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការបង្កើនសមត្ថភាព ដើម្បីក្លាយខ្លួនជាភ្នាក់ងារសន្តិសុខឯកជនដែលមានជំនាញ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការចូលរួមចំណែកក្នុងសកម្មភាពថែរក្សា និងការពារស្ថេរភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពឲ្យបានល្អប្រសើរ៕