(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំមន្ទីរពាក់ព័ន្ធ កងកម្លាំង និងអាជ្ញាធរស្រុកស្អាង ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់មណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ស្ថិតនៅភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ។ សំណង់នេះសម្រេចបាន៧៥ភាគរយហើយ និងគ្រោងបញ្ចប់នៅចុងឆ្នាំ២០២២ ខាងមុខនេះ។

ស្ថិតក្នុងឱកាសចុះពិនិត្យវឌ្ឍន:ភាពសំណង់លោក គង់ សោភ័ណ្ឌ បានលើកឡើងថា មណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀននេះ គឺជាសំណង់ប្រវត្តិសាស្ត្រមួយសម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តកណ្ដាល ពិសេសប្រជាពលរដ្ឋនៅក្នុងស្រុកស្អាង ដែលត្រូវបានសាងសង់លើផ្ទៃដី១០ហិកតា មាន ២១អគារ រួមមាន៖ អគារសិក្សាពហុជំនាញ, អគារការិយាល័យរដ្ឋបាល, អគាររោងជាងនៅសម្រាប់បុរស-នារី, អគារសម្រាប់បុគ្គលិក, មន្ទីរពេទ្យ, អគារអប់រំផ្លូវចិត្ត, រោងបាយ និងកន្លែងសម្រាប់ហាត់កីឡាផ្សេងៗទៀត ដែលអគារទាំងនេះត្រូវបានសាងសង់រួចរាល់ប្រមាណជាជាង៧៥%ភាគរយ ហើយគ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២២ខាងមុខនេះ។

លោកបានគូសបញ្ជាក់បន្ថែមថា បន្ទាប់ពីបញ្ចប់ការសាងសង់រួច មណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀននេះ អាចទទួលព្យាបាល និងអ្នកញៀនគ្រឿងញៀនបានប្រមាណជាង២ពាន់នាក់។

ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលខេត្តកណ្ដាល ក៏បានជំរុញដល់ក្រុមការងារបច្ចេកទេសសាងសង់ ត្រូវសាងសង់ប្រកបដោយស្តង់ដារបច្ចេកទេស ដើម្បីធានាបាននូវគុណភាព សុវត្ថិភាព ពិសេសត្រូវពន្លឿននូវការសាងសង់ ឱ្យបានរួចរាល់តាមការគ្រោងទុកផងដែរ៕