(ភ្នំពេញ)៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ខេត្តកំពង់ស្ពឺ និងសមាគមគោខេត្តកំពង់ស្ពឺ នឹងរៀបចំពិធីប្រណាំងរទេះសាឡីគោលឿនឡើងវិញ បន្ទាប់ពីខកខានអស់រយៈពេលពីរឆ្នាំ (២០២០-២០២១) ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។

ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ខាងមុខនេះ ក្រោយបានការអនុញ្ញាតជាគោលការណ៍ ពីរដ្ឋបាលសាលាខេត្តកំពង់ស្ពឺ។

លោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ស្ពឺ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ទីលានប្រណាំងស្ថិតនៅភូមិដែកភ្លើង ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

លោក ស៊ុន មានជ័យ បានឲ្យដឹងបន្តថា ដើមឡើយពិធីប្រណាំងរទេះសាឡីគោលឿន គឺជាប្រពៃណីរបស់អ្នកស្រុកនៃខេត្តកំពង់ស្ពឺ។ ជារៀងរាល់ឆ្នាំ ពួកគាត់តែងតែរកពេលវេលាល្អ ក្នុងអំឡុងរដូវចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដើម្បីរៀបចំព្រឹត្តិការណ៍នេះ ដែលសឹងជាទម្លាប់ទៅហើយ ប៉ុន្តែឆ្នាំខ្លះក៏មិនអាចរៀបចំបានដែរ អាស្រ័យលើស្ថានភាពជាក់ស្តែង។

ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ស្ពឺ បានឲ្យដឹងទៀតថា «នេះជាលើកទី៧ ដែលយើងរៀបចំពិធីប្រណាំងរទេះសាឡីគោលឿន ខណៈឆ្នាំ២០២០-២០២១ មិនអាចរៀបចំបាន ដោយសារកូវីដ១៩។ សូមពុកម៉ែ បងប្អូនចូលរួមទស្សនាកម្សាន្តដោយរីករាយ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ខាងមុខនេះ»

បើតាមលោក ស៊ុន មានជ័យ ពិធីប្រណាំងរទេះសាឡីគោលឿនឆ្នាំនេះ មានរទេះគោ ៣០នឹមចូលរួម។ ក្នុងនោះ នៅថ្ងៃប្រកាសលទ្ធផល គេនឹងប្រគល់ជ័យលាភី ដល់នឹមលេខ១ លេខ២ និងលេខ៣ ខណៈនឹមលេខ៤ និងលេខ៥ ទទួលបានរង្វាន់កិត្តិយស។

លោកក៏បានបញ្ជាក់ដែរថា នេះជាការថែរក្សាវិស័យវប្បធម៌របស់អ្នកស្រុក ពោលគឺមិនមែនជាការរៀបចំភ្នាល់អ្វីនោះទេ។ ដោយឡែក ការប្រណាំងសុទ្ធតែមានគណៈកម្មការបច្ចេកទេស ដើម្បីត្រួតពិនិត្យត្រឹមត្រូវផងដែរ៕