(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសេចក្តីជូនដំណឹង ស្តីពីការតម្រូវឲ្យប្រើប្រាស់ឈ្មោះដែនជាតិ .com.kh និងការផ្តល់អាសយដ្ឋានអេឡិចត្រូនិកឈ្មោះដែនជាតិ នៅពេលប្រកាសប្រតិវេទន៍ប្រចាំឆ្នាំ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២។

សេចក្ដីជូនដំណឹងបានឲ្យដឹងថា អនុលោមតាមមាត្រា៧ នៃច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម អំពីការធ្វើប្រតិវេទន៍ប្រចាំឆ្នាំ និងមាត្រា៧ នៃអនុក្រឹត្យលេខ ២៨៧ អនក្រ.បក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ស្តីពីការគ្រប់គ្រង និងការប្រើប្រាស់ឈ្មោះដែនជាតិនៅក្នុងប្រព័ន្ធអឺនធឺណិត បានកំណត់ ឲ្យក្រុមហ៊ុនទាំងអស់ ដែលបានចុះបញ្ជីពាណិជ្ជកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រើប្រាស់ឈ្មោះដែនជាតិកម្រិតទី២ប្រភេទ .com.kh ហើយត្រូវផ្តល់អាសយដ្ឋាន អេឡិចត្រូនិក ដែលមានឈ្មោះដែនជាតិកម្រិតទី២ ប្រភេទ .com.kh នេះ នៅពេលធ្វើប្រតិវេទន៍ប្រចាំឆ្នាំ ទាក់ទងនឹងស្ថានភាពរបស់ក្រុមហ៊ុន នៅក្រសួងពាណិជ្ជកម្ម។

ក្នុងន័យនេះ សូមក្រុមហ៊ុន ដែលបានចុះបញ្ជីពាណិជ្ជកម្ម ហើយពុំទាន់បានប្រើប្រាស់អាសយដ្ឋានអេឡិចត្រូនិក ដែលមានឈ្មោះដែនជាតិកម្រិតទី២ ប្រភេទ .com.kh នៅឡើយ ត្រូវប្រញាប់រួសរាន់មកចុះឈ្មោះស្នើសុំប្រើប្រាស់ឈ្មោះ ដែនជាតិកម្រិតទី២ ប្រភេទ .com.kh នៅនិយ័តករទូរគមនាគមន៍កម្ពុជា៕