(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ក្រសួងស្ថាប័ន កងកម្លាំងមានសមត្ថកិច្ចគ្រប់ផ្នែកពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវខិតខំធានាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អ ប្រសើរជូនប្រជាពលរដ្ឋ ដែលនឹងរីករាយជាមួយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ។

ការណែនាំរបស់សម្ដេចតេជោ បានធ្វើឡើង នៅព្រឹកថ្ងៃសុក្រ ទី០១ ខែមេសា ឆ្នាំ២០២២នេះ នៅវិមានសន្តិភាព ក្នុងឱកាសដែលសម្តេចអញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួនពីរ។

តាមសេចក្តីប្រកាសរបស់គណៈរដ្ឋមន្ត្រី ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ឲ្យដឹងថា ក្នុងកិច្ចប្រជុំនេះ សម្ដេចតេជោ ហ៊ុន សែន បានមានមតិសំណេះសំណាលមួយចំនួន។

គណៈរដ្ឋមន្ត្រីបានបញ្ជាក់ថា «ក្នុងឱកាសពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ខាងមុខនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំដល់ក្រសួងស្ថាប័ន កងកម្លាំងមានសមត្ថកិច្ចគ្រប់ផ្នែកពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវខិតខំធានាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អ ប្រសើរជូនប្រជាពលរដ្ឋ»

សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់ក្រសួងស្ថាប័ន សមត្ថកិច្ចពាក់ព័ន្ធ ដឹងអាជ្ញាធរថ្នាក់ក្រោមជាតិ ឲ្យបន្តជំរុញការផ្សព្វផ្សាយសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលដែនដី ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺតូវីដ-១៩ផងដែរ។

នៅក្នុងឱកាសឆ្នាំថ្មីនេះ សម្តេចក៏បានជូនពរដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ វិស័យឯកជន និងជនរួមជាតិខ្មែរគ្រប់រូបដែលកំពុងរស់នៅក្នុងនិងក្រៅប្រទេស សូមទទួលបាននូវសុខភាពល្អ ជោគជ័យ សិរីសួស្តី ជ័យមង្គល និងវិបុលសុខជារៀងដរាបតទៅ៕