(ស្វាយរៀង)៖ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ ក្នុងនាមលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត បានអញ្ជើញដឹកនាំវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋសង្កាត់បាវិត ក្រុងបាវិត ដែលមានការចូលរួមពីរដ្ឋបាលក្រុង កងកម្លាំងប្រដាប់អាវុធ ការិយាល័យជុំវិញក្រុង ក្រុមប្រឹក្សាសង្កាត់ និងមេភូមិទាំង៥។

ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាល លោកទេសរដ្ឋមន្រ្តី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា កើតចេញពីប្រជាពលរដ្ឋ និងកើតចេញពីគណបក្សប្រជាជនកម្ពុជា ហើយបញ្ហាប្រឈមនិងកង្វល់ទាំងឡាយរបស់ប្រជាពលរដ្ឋ គឺជាបញ្ហានិងកាតព្វកិច្ចរបស់រាជរដ្ឋាភិបាលដែលកំពុងដឹកនាំប្រទេសត្រូវដោះស្រាយឲ្យទាន់ពេលវេលា និងឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។

លោកបន្តទៀតថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននាំមកនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ដូច្នេះបញ្ហានិងកង្វល់ទាំងអស់របស់ប្រជាពលរដ្ឋ មិនត្រូវទុកចោលដោយមិនបានដឹង និងមិនបានដោះស្រាយឡើយ។ ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានជម្រុញឲ្យអាជ្ញាធរមូលដ្ឋាន និងការិយាល័យជំនាញ ត្រូវបន្តយកចិត្តទុកដាក់ កែលម្អទម្លាប់ធ្វើការ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង៕