(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការណែនាំដល់ក្រសួងពាណិជ្ជកម្ម ឲ្យពិភាក្សាជាមួយក្រុមហ៊ុនឯកជន ដើម្បីគ្រប់គ្រងថ្លៃលក់រាយប្រេងឥន្ធនៈ និងរៀបចំស្តុកប្រេងឥន្ធនៈជាយុទ្ធសាស្រ្ត ខណៈដែលសភាពការណ៍អន្តរជាតិមានការវិវត្តប្រែប្រួលស្មុគស្មាញ។

ការណែនាំរបស់សម្ដេចតេជោ បានធ្វើឡើង នៅព្រឹកថ្ងៃសុក្រ ទី០១ ខែមេសា ឆ្នាំ២០២២នេះ នៅវិមានសន្តិភាព ក្នុងឱកាសដែលសម្តេចអញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួនពីរ។

តាមសេចក្តីប្រកាសរបស់គណៈរដ្ឋមន្ត្រី ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ឲ្យដឹងថា ក្នុងកិច្ចប្រជុំនេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍មួយចំនួន ដោយក្នុងនោះសម្តេចបានណែនាំដល់ក្រសួងពាណិជ្ជកម្ម ត្រូវពិភាក្សាជាមួយក្រុមហ៊ុនឯកជន ដើម្បីគ្រប់គ្រងថ្លៃលក់រាយប្រេងឥន្ធនៈ និងរៀបចំស្តុកប្រេងឥន្ធនៈជាយុទ្ធសាស្រ្ត ខណៈដែលសភាពការណ៍អន្តរជាតិមានការវិវត្តប្រែប្រួលស្មុគស្មាញ។

ប្រេងឥន្ធនៈនៅទូទាំងពិភពលោកបានហក់ឡើងតម្លៃមួយកម្រិត បន្ទាប់ពីមានការផ្ទុះសង្គ្រាមនៅអឺរ៉ុបខាងកើត ដោយប្រទេសរុស្ស៊ី ក្រោមការបញ្ជារបស់លោកប្រធានាធិបតី វ្លាឌីមៀ ពូទីន បានលើកទ័ពឈ្លានពានប្រទេសអ៊ុយក្រែន។ សង្គ្រាមនេះក៏បានធ្វើឱ្យប្រេងឥន្ធនៈនៅក្នុងប្រទេសកម្ពុជាឡើងថ្លៃផងដែរ៕