(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការណែនាំដល់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រៀបចំធ្វើការពន្លឿនការលើកកម្រិតប្រាក់សោធននិវត្តន៍របស់ អតីតមន្ត្រីរាជការ និង អតីតយុទ្ធជនចូលនិវត្តន៍ ដែលទទួលបានប្រាក់សោធននិវត្តន៍ទាបឱ្យបានកើនខ្ពស់ជាងមុន និងធ្វើការបើកប្រាក់ជូនពួកគាត់ឱ្យបានទៀងទាត់។

ការណែនាំរបស់សម្ដេចតេជោ បានធ្វើឡើង នៅព្រឹកថ្ងៃសុក្រ ទី០១ ខែមេសា ឆ្នាំ២០២២នេះ នៅវិមានសន្តិភាព ក្នុងឱកាសដែលសម្តេចអញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួនពីរ។

តាមសេចក្តីប្រកាសរបស់គណៈរដ្ឋមន្ត្រី ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ឲ្យដឹងថា ក្នុងកិច្ចប្រជុំនេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍មួយចំនួន ដោយក្នុងនោះសម្តេចបានណែនាំដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រៀបចំធ្វើការពន្លឿនការលើកកម្រិតប្រាក់សោធននិវត្តន៍របស់ អតីតមន្ត្រីរាជការ និង អតីតយុទ្ធជនចូលនិវត្តន៍ ដែលទទួលបានប្រាក់សោធននិវត្តន៍ទាបឱ្យបានកើនខ្ពស់ជាងមុន ដើម្បីបង្កើនល្បឿន នៃការផ្ជិតគម្លាតប្រាក់សោធននិវត្តន៍រវាងអ្នកចូលនិវត្តន៍ចាស់និងអ្នកចូលនិវត្តន៍ថ្មី។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ឡើងទៀត ប្រាក់សោធននិវត្តន៍ត្រូវបើកជូនអតីតមន្ត្រីរាជការ និងអតីតយុទ្ធជនចូលនិវត្តន៍ឱ្យ បានទៀងទាត់ ដើម្បីពួកគាត់អាចយកថវិកានេះផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ និងប្រើប្រាស់តាម តម្រូវការបានទាន់ពេលវេលា៕