(ក្រចេះ)៖ លោក សរ ចំរ៉ុង សមាជិកគណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មការទី១រដ្ឋសភា ជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ និងជាអនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកព្រែកប្រសព្វ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២នេះ បានប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ឃុំជ្រោយបន្ទាយ ចំនួន៥២៣ នាក់ថ្មីបន្ថែមទៀត ដែលស្មគ្រ័ចិត្តចូលរួមរស់ជាមួយគណបក្ស។

ក្នុងឱកាសនោះ សរ ចំរុង បានគូសបញ្ជាក់ថា តាមរយៈសមិទ្ធផលដែលគណបក្សបន្សល់ទុករយៈពេលជាង៤០ឆ្នាំកន្លងមកនេះ គឺផ្ដើមពីជ័យជម្នះ៧មករា ដែលគណបក្សប្រជាជនកម្ពុជាបានសម្រេចនូវការផ្លាស់ប្តូរសង្គមយ៉ាងធំធេង ដោយពុំអាចនឹកស្មានដល់។ នយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវសន្តិភាព ឯកភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលធ្វើឱ្យប្រជាជនគ្រប់រូបបានរស់នៅយ៉ាងសុខដុមរមនា ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយ។

លោកបន្ថែមទៀតថា ការសម្រេចចិត្តរបស់សមាជិកដែលទើបបញ្ចូលថ្មីនេះ គឺជាសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ព្រោះគណបក្សប្រជាជនកម្ពុជាមានគុណបំណាច់យ៉ាងធំធេងចំពោះប្រទេសជាតិមាតុភូមិ ធានាបាននូវសុខសន្តិភាពនិងការអភិវឌ្ឍប្រទេស។ មានតែគណបក្សប្រជាជនកម្ពុជាទេដែលមិនរត់ចោលប្រជាពលរដ្ឋ គឺតែងតែនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ រីឯគណបក្សផ្សេងវិញមិនដែលធ្វើអ្វីសោះបានតែថា គឺតែងតែបង្កអសន្តិសុខ ញុះញង់បំពុលបរិយាកាសសង្គម។

សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ ហើយសម្តេចតេជោប្រមុខដឹកនាំបានបញ្ជាក់ថា ទោះក្នុងតម្លៃណាក៏ដោយ ក៏មិនត្រូវឲ្យនរណាម្នាក់មកបំពាន និងមកបំផ្លាញនូវសុខសន្តិភាពរបស់ប្រទេសជាតិនោះដែរ គឺត្រូវប្រឆាំងការពារដាច់ខាច ដូច្នេះប្រជាជនគ្រប់រូប ត្រូវចូលរួមគ្នាជាមួយរាជរដ្ឋាភិបាល និងគណបក្សក្នុងការកសាង និងថែរក្សានូវសុខសន្តិភាពរបស់ប្រទេសជាតិឲ្យបន្តឆ្ពោះទៅមុខជារៀងរហូត។

លោកក៏បានជំរុញដល់អាជ្ញាធរមូលដ្ឋានត្រូវបន្តធ្វើអំពើល្អជាមួយប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរថែមទៀត ព្រមទាំងត្រូវផ្ដល់សេវាសាធារណៈផ្សេងៗឲ្យបានឆាប់រហ័ស និងផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវសេវាអត់បង់ប្រាក់ ជាពិសេសគោលនយោបាយវ៉ាក់សាំងរបស់គណបក្ស ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹងជ្រួតជ្រាប ជៀសវាងការភាន់ច្រឡំ និងចាញ់បោកការឃោសនាញុះញុងពីក្រុមប្រឆាំងនឹងរាជរដ្ឋាភិបាល ក៏ដូចជាគោលនយោបាយដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

ក្នុងនោះដែរ លោក សរ ចំរុង បានអំពាវនាវដល់សមាជិក ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២និងទី៣ សូមប្រញាប់ទៅទទួលការចាក់វ៉ាក់សាំងបន្ថែមទៀត ដើម្បបង្កើនប្រព័ន្ធការពារជំងឺកូវីដ-១៩ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕