(សៀមរាប)៖ លោក តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ព្រលានយន្តហោះខេត្តសៀមរាប ដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ននេះ នឹងត្រូវផ្អាកសកម្មភាព ក្រោយពេលព្រលានយន្តហោះថ្មីដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២៣។

ឆ្លើយតបនឹងសំណួររបស់អ្នកព័ត៌មានអង្គភាពព័ត៌មាន Fresh News នាព្រឹកថ្ងៃអាទិត្យ ទី០៣ ខែមេសា ឆ្នាំ២០២២ លោក តឹករ៉េត សំរេច ដែលមានតួនាទីជាប្រធានគណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានឱ្យដឹងថា អាកាសយានដ្ឋានសៀមរាប ដែលកំពុងប្រើប្រាស់បច្ចុប្បន្នមានចម្ងាយតែប្រមាណ ២,៥០០ម៉ែត្រប៉ុណ្ណោះពីប្រាសាទអង្គរធំ។ ចម្ងាយនេះ ជាបច្ច័យមិនល្អ ហើយក៏គំរាមកំហែងបង្កហានិភ័យដល់ប្រាសាទបុរាណផងដែរ។

បើតាមលោក តឹករ៉េត សំរេច ព្រោះតែបញ្ហានេះហើយ ទើបគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា ICC-Angkor បានជំរុញឱ្យពន្លឿនការងារសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលជាអាកាសយានដ្ឋានថ្មី ដើម្បីដាក់ឱ្យដំណើរការជំនួសអាកាសយានដ្ឋានចាស់។

លោក តឹករ៉េត សំរេច បានគូសបញ្ជាក់បែបនេះ «នៅក្នុងកិច្ចព្រមព្រៀងតំបន់អាកាសយានដ្ឋានសៀមរាបបច្ចុប្បន្ននេះ គឺស្ថិតនៅក្នុងតំបន់ការពារបេតិកភណ្ឌទី១។ អ៊ីចឹងតំបន់ការពារបេតិកភណ្ឌ តាមច្បាប់យើងមិនត្រូវឱ្យមានសំណង់អ្វីទេ តែដោយសារកន្លងមកយើងមិនអាចរកអ្វីមកជំនួសបាន ទើបយើងប្រើប្រាស់។ ឥឡូវយើងកំពុងចរចាជាមួយក្រុមហ៊ុនបារាំង តើត្រូវផ្ទេរផ្ទូមកទីនេះយ៉ាងដូចម្តេច? ព្រលានយន្តហោះបច្ចុប្បន្ននៅខេត្តសៀមរាបនេះ ថ្ងៃមុខត្រូវចាត់ចែងយ៉ាងដូចម្តេចអាស្រ័យលើការសម្រេចដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល។ ប៉ុន្តែនៅក្នុងកិច្ចព្រមព្រៀងយើងដាក់ថា មិនសម្រាប់ធ្វើពាណិជ្ជកម្មទេ»

បច្ចុប្បន្ននេះ ក្រោមការវិនិយោគរបស់ក្រុមហ៊ុនចិន ជាមួយទុនប្រមាណ ៨៨០លានដុល្លារអាមេរិក អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បាននិងកំពុងដំណើរការសាងសង់លើផ្ទៃដីប្រមាណជា ៧០០ហិកតា ស្ថិតនៅក្នុងភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ អាកាសយានដ្ឋាននេះ មានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ពីទីប្រជុំជនក្រុងសៀមរាប និងចម្ងាយ ៤០គីឡូម៉ែត្រ ពីរមណិយដ្ឋានអង្គារ ដែលចម្ងាយនេះមិនធ្វើឱ្យប៉ះពាល់ដល់តំបន់ការពារបេតិកភណ្ឌនោះទេ។

ពាក់ព័ន្ធទីតាំងអាកាសយានដ្ឋានមានផលប៉ះពាល់ដល់ប្រាសាទដែរឬយ៉ាងណានោះ លោក តឹករ៉េត សំរេច បានបញ្ជាក់ដូច្នេះ «ទីតាំងនេះ យើងបានពិភាក្សាតាំងពីដំបូងឆ្នាំ២០០៤, ២០០៥មក ជំនាញបុរាណវិទ្យាយូណេស្កូ គេថាកន្លែងហ្នឹងធ្វើបាន។ អ៊ីចឹងបានយើងរៀបចំកន្លែងហ្នឹង»

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលកំពុងសាងសង់នេះ គឺជាអាកាសយានដ្ឋានអន្តរជាតិលំដាប់ 4E ជាមួយផ្លូវបត់រត់ប្រវែង ៣,៦០០ម៉ែត្រ មានសមត្ថភាពឱ្យយន្តហោះគ្រប់ប្រភេទចុះចតបាន ដោយបំពាក់បច្ចេកវិទ្យាថ្មីបំផុតសម្រាប់សុវត្ថិភាព និងសន្តិសុខដល់អ្នកដំណើរ។ អាកាសយានដ្ឋានមានចំណតយន្តហោះរហូតដល់ទៅ៣៨។ នៅពេលដាក់ឱ្យដំណើរ ដែលគ្រោងធ្វើឡើងនៅខែតុលា ឆ្នាំ២០២៣ អាកាសយានដ្ឋានអាចមានសមត្ថភាពទទួលអ្នកដំណើរប្រមាណ ៧លាននាក់ក្នុងមួយឆ្នាំ។ នៅក្នុងដំណាក់កាលទី២ អាចទទួលអ្នកដំណើរដល់ ១០លាននាក់ក្នុងមួយឆ្នាំ ហើយដំណាក់កាលទី៣ អាចទទួលអ្នកដំណើរបានរហូតដល់ ២០លាននាក់នៅក្នុងមួយឆ្នាំ។

លោក តឹករ៉េត សំរេច បានអះអាងថា ដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នឹងសម្រេចទៅតាមផែនការគ្រោងទុក ដោយមិនមានឧបសគ្គអ្វីនោះឡើយ។ ពាក់ព័ន្ធអ្នកដំណើរចេញចូលអាកាសយានដ្ឋាននេះវិញ លោក តឹករ៉េត សំរេច បានបង្ហាញក្តីរំពឹងថា ក្រៅតែពីអ្នកអ្នកទេសចរហើយនោះ ក៏មានអ្នកវិនិយោគចូលមកវិនិយោគក្នុងខេត្តសៀមរាបផងដែរ។

ក្នុងឱកាសអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានហៅវត្តមានអាកាសយានដ្ឋានលើទីតាំងដីសមរភូមិសង្គ្រាមនេះថា គឺជាផ្លែផ្កាកើតចេញពីសុខសន្តិភាព និងជាផ្លែផ្កាកើតចេញពីកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងចិន។

សម្តេចតេជោ ហ៊ុន សែន ថែមបានថ្លែងកោតសរសើរការវិនិយោគរបស់ក្រុមហ៊ុនចិនថា ជាការវិនិយោគដែលផ្តល់ប្រយោជន៍ច្រើនសម្រាប់កម្ពុជា ដោយសម្តេចប្រដូចការវិនិយោគរបស់ចិនទៅនឹងការយកម្ស៉ៅមកធ្វើនំជូនប្រជាពលរដ្ឋកម្ពុជាបរិភោគ។

បើតាមលោក តឹករ៉េត សំរេច ក្រៅតែពីការវិនិយោគអាកាសយានដ្ឋានហើយនោះ ក្រុមហ៊ុនក៏នឹងវិនិយោគតំបន់ពាណិជ្ជកម្មនៅក្បែរព្រលាន ហើយគម្រោងក៏មានសាងសង់ផ្លូវល្បឿនលឿនសម្រាប់ការធ្វើដំណើរចូលទៅក្រុងសៀមរាបផងដែរ។ លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក៏រំពឹងដែរថា តាមរយៈការវិនិយោគសាងសង់ព្រលានយន្តហោះនេះ នឹងធ្វើឱ្យអ្នកវិនិយោគក្នុងស្រុកចាប់អារម្មណ៍មកវិនិយោគនៅតំបន់ជុំវិញព្រលាន ដែលនឹងប្រែក្លាយតំបន់ស្ងប់ស្ងាត់មួយនេះ ទៅជាតំបន់ពាណិជ្ជកម្មដ៏រស់រវើក៕