(ភ្នំពេញ)៖ លោក ឡី សុភាព ប្រធានសមាគមសម្ពន្ធភាពអង្កការ-សមាគម និងវិស័យឯកជននៅកម្ពុជា និងជានាយកវិទ្យាស្ថានអាជីវកម្មអន្តរជាតិ បានបង្ហាញសាទរនិងគាំទ្រគោលនយោបាយជាតិស្ដីពីការអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ហៅកាត់ TVET និងគោលនយោបាយជាតិសម្រាប់ការសិក្សាពេញមួយជីវិត ខណៈសមាគម និងវិទ្យាស្ថានទាំងឡាយដែលស្ថិតក្រោមការដឹកនាំនិងគ្រប់គ្រងរបស់លោកក៏កំពុងចូលរួមយ៉ាងសកម្មក្នុងការអនុវត្តតាមគោលនយោបាយជាតិទាំងពីរនេះផងដែរ។

ក្នុងពិធីប្រគល់វិញ្ញាបនបត្រអភិវឌ្ឍន៍ដីធ្លី និងសំណង់ នៃវិទ្យាស្ថានអាជីវកម្មអន្តរជាតិ ជំនាន់ទី១ ដល់សិក្ខាកាម១៦៩នាក់ នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ លោក ឡី សុភាព នាយកវិទ្យាស្ថានអាជីវកម្មអន្តរជាតិ បានលើកឡើងថា ការប្រកាសជ័យលាភី និងប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមនាពេលនេះធ្វើឡើងដោយទទួលបាននូវការទុកចិត្ត និងលើកទឹកចិត្តពីថ្នាក់ដឹកនាំនូវការបណ្តុះបណ្តាល ប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ ទទួលស្គាល់ពីគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធនានា ពិសេសពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

លោកបានប្រកាសសាទរ និងគាំទ្រដល់គោលនយោបាយជាតិស្ដីពីការអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ហៅកាត់ TVET ជូនដល់សិក្ខាកាម ដែលជាធនធានមិនអាចខ្វះបានដល់ការអភិវឌ្ឍជាតិមាតុភូមិ និងគាំទ្រដល់គោលនយោបាយសិក្សាពេញមួយជីវិតរបស់ប្រមុខថ្នាក់ដឹកនាំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក ឡី សុភាព បានថ្លែងយ៉ាងដូច្នេះថា «ធនធានមនុស្ស គឺជារឿងមួយដែលយើងមិនអាចខ្វះបាន ដូច្នេះហើយធនធាននៅកម្ពុជាត្រូវតែជាអ្នកមានជំនាញ។ យើងបានចាប់ផ្តើមចេញនូវច្បាប់ស្តីអំពីសំណង់ ប្រកាសស្តីពីអាជីវកម្មអចលនវត្ថុ ប្រកាសទាក់ទងទៅនឹងការអភិវឌ្ឍដី និងសារាចរណែនាំផ្សេងដទៃទៀត ដើម្បីជាយន្តការឲ្យភ្នាក់ងារ ឬក៏អ្នកអភវិឌ្ឍន៍ដីធ្លី និងសំណង់ដើរទៅប្រកបដោយបរិយាបន្នមួយដ៏ត្រឹមត្រូវ។ ឥឡូវនេះ យើងកំណែទម្រង់ជាតិ គឺត្រូវមានការចូលរួមពីគ្រប់ភាគីដែលពាក់ព័ន្ធ ត្រូវស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល»

លោកបានលើកឡើងពីគោលនយោបាយនៅក្នុងថ្នាក់មូលដ្ឋាន ជាគោលនយោបាយជាតិមួយដែលមិនអាចខ្វះបាន ដែលនេះបង្ហាញឲ្យឃើញនូវតម្រូវការធនធានមនុស្ស ដែលពោលពេញដោយចំណេះដឹងវិជ្ជាជីវៈ ដែលមានដូចជាសិក្ខាកាមទាំងអស់ដែលបញ្ជប់ជ័យលាភី និងទទួលបានវិញ្ញាបនបត្រទាំងអស់នៅពេលនេះ ហើយទាំងអស់គ្នាត្រូវចងចាំថា ចូលដើម្បីរៀនចេញដើម្បីបម្រើនៅតាមមូលដ្ឋាន។ ជ័យលាភីទាំងអស់នេះជាកិត្តិយសសម្រាប់ជាតិមាតុភូមិ ចូលដើម្បីរៀន ចេញដើម្បីបម្រើ។

ឆ្លៀតក្នុងឱកាសនេះ លោកក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ថា ជំនាញបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាចំណេះដឹងគ្រឹះមួយដែលមិនអាចខ្វះបាន។ វិញ្ញាបនបត្រវិជ្ជាជីវៈនាពេលនេះ មានតម្លៃអាចយកទៅបញ្ជាក់បាននៅគ្រប់កន្លែងទាំងអស់។ នេះជាចំណុចមួយ ដែលរាជរដ្ឋាភិបាលបានលើកទឹកចិត្តនូវគោលនយោបាយជាតិសម្រាប់ការសិក្សាពេញមួយជីវិត។ ហើយលោកបណ្ឌិតក៏បានអំពាវនាវឲ្យគ្រប់គ្នា និងសារព័ត៌មានបន្តផ្សព្វផ្សាយគោលនយោបាយជាតិ និងគោលនយោបាយជាតិអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈឲ្យបានទូលំទូលាយផងដែរ៕