(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ម្សិលមិញនេះ លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានកម្មវិធីផ្ទះទេវតា បានដឹកនាំក្រុមការងារអញ្ជើញចុះប្រគល់ផ្ទះទេវតាចំនួន ៤ខ្នង ជូនទុរគតជន ជនចាស់ជរាគ្មានទីពឹងនៅក្នុងខេត្តប៉ៃលិន។ ពិធីនេះ ក៏មានកិត្តិយសទទួលបានការអញ្ជើញចូលរួមពីលោកស្រី បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនផងដែរ។

ផ្ទះទេវតាដែលបានប្រគល់ជូនទុរគតជន ជនចាស់ជរាគ្មានទីពឹងនេះរួមមាន៖

* ផ្ទះទី១ គឺផ្ទះលេខ២៩១ ប្រគល់ជូនលោកយាយ ហុង ឆាម មានអាយុ ៨៤ឆ្នាំ រស់នៅភូមិស្រែអន្ទាក់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅខេត្តប៉ៃលិន។ ផ្ទះនេះជាអំណោយដ៏ថ្លៃថ្លារបស់លោកឧកញ៉ា ជៀម ផែន និងភរិយា ព្រមទាំងបុត្រ តាមរយៈកម្មវិធីផ្ទះទេវតា។

* ផ្ទះទី២ គឺផ្ទះលេខ២៩២ ប្រគល់ជូនលោកយាយ ហ៊ាន ណូក មានអាយុ ៧៧ឆ្នាំ រស់នៅភូមិថ្នល់កែង ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ផ្ទះនេះជាអំណោយដ៏ថ្លៃថ្លារបស់លោក ម៉ៅ ហាវណ្ណាល់ និងលោកស្រី ខាន់ ម៉ានីដា តាមរយៈកម្មវិធីផ្ទះទេវតា។

* ផ្ទះទី៣ ប្រគល់ជូនលោកយាយ ពេជ្រ សក្តិ មានអាយុ ៨៨ឆ្នាំ រស់នៅភូមិព្រៃមង្គល សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ផ្ទះនេះជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងបុត្រ និងចៅៗ។

* ផ្ទះទី៤ ត្រូវបានប្រគល់ជូនលោក សឿន ម៉ុន អាយុ ៦១ឆ្នាំ និងប្រពន្ធឈ្មោះ ពោន ហ៊ន អាយុ ៤៤ឆ្នាំ រស់នៅភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ផ្ទះនេះជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រ និងចៅៗ។

នៅក្នុងឱកាសនោះលោកស្រី ហ៊ុន ម៉ាណា បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់លោកយាយ លោកតា និងប្រជាពលរដ្ឋដែលបានចូលរួម។ លោកស្រី បានលើកឡើងថា ជានិច្ចកាលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

ទន្ទឹមនឹងការប្រគល់ផ្ទះទេវតា លោកស្រី ហ៊ុន ម៉ាណា ក៏បានផ្តល់ជូនគ្រួសារនីមួយៗ នូវអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបន្ថែមទៀតផងដែរ រួមមានមួយផ្ទះៗ ទទួលបានអង្ករ១០០គីឡូក្រាម, ត្រីខចំនួន ១កេស, មីចំនួន ៥កេស, ទឹកដោះគោខាប់ ចំនួន ១កេស, ពូកចំនួន១, ប្រេងកូឡូ ១ប្រអប់ធំ, ប្រេងខ្យល់ ១ប្រអប់ធំ, ចានដែកចំនួន១, ឆ្នាំងតូចចំនួន១, ឆ្នាំងធំចំនួន១, ខ្ទះឆាចំនួន១, វែកឆាចំនួន១, វែកបាយចំនួន១, វែកសំឡចំនួន១, ស្លាបព្រា និងសមចំនួន ១ឡូ, កំសៀវចំនួន១, ចានបាយចំនួន៥, ចានសម្លចំនួន៥, តែចំនួន ១គីឡូក្រាម, ខ្នើយចំនួន២, មុងចំនួន២, ភួយចំនួន២, កន្ទេលចំនួន២, ស្ករសចំនួន៥គីឡូក្រាមទឹកស៊ីអ៊ីវចំនួន៣យួរ, វិទ្យុFM12 ចំនួន១គ្រឿង, ថ្មដាក់វិទ្យុចំនួន២ ស្បែកជើងចំនួន២គូរ, ថ្នាំ នឹងច្រាសដុសធ្មេញចំនួន៥ឈុត, សាប៊ូដុំចំនួន១២ដុំតូច, ថ្នាំពេទ្យចំនួន៥ប្រអប់តូច, ខោអាវលោកយាយចំនួន២កំប្លេរ, ខោអាវលោកតាចំនួន២កំប្លេ, និងថវិកា ៥០ម៉ឺនរៀល។

បន្ទាប់ពីបានប្រគល់ផ្ទះទេវតារួចរាល់ នៅថ្ងៃដដែលនេះ លោកស្រី ហ៊ុន ម៉ាណា ក៏បានអញ្ជើញទៅប្រគេនទេយ្យវត្ថុ ដែលមានស្បៀងអាហារ គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនមុខ របស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនដល់ដល់វត្តចំនួន៥ នៅក្នុងខេត្តប៉ៃលិននេះ ដែលពិធីត្រូវបានធ្វើរួមគ្នានៅវត្តបុព្វារាម ស្ថិតនៅភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

លោកស្រី បានមានប្រសាសន៍ថា ជានិច្ចកាលសម្តេចទាំងទ្វេតែងតែគិតគូរអំពីទុក្ខលំបាករបស់ព្រះសង្ឃគ្រប់ព្រះអង្គតាមទីអារាមក្នុងប្រទេសកម្ពុជា។ ការនាំយកទេយ្យវត្ថុមកប្រគេនជូននៅពេលនេះ អាចជួយសម្រាលនូវការលំបាករបស់ព្រះសង្ឃគ្រប់អង្គបានមួយរយៈផងដែរ ជាពិសេសនៅក្នុងវិបត្តិកូវីដ-១៩នេះ ។

ទេយ្យវត្ថុក្នុងមួយវត្តទទួលបាន៖
១៖ អង្ករ ១តោន
២៖ ត្រីខ ចំនួន ១កេស មាន១០យួរ
៣៖ មីចំនួន ៥កេសធំ (៣០កេសតូច)
៤៖ ត្រីងៀតចំនួន ១០គីឡូ
៥៖ សាច់ក្រកចំនួន ១០គីឡូ
៦៖ សាច់ជ្រូផាត់ចំនួន ១០គីឡូ
៧៖ ទឹកដោះគោខាប់ចំនួន ២កេស
៨៖ កាហ្វេ ចំនួន ៥កញ្ចប់ធំ
៩៖ តែ ចំនួន ២គីឡូក្រាម
១០៖ ស្ករសចំនួន ១បេ
១១៖ អំបិលចំនួន ១បេ
១២៖ ប៊ីចេងចំនួន ១បេ
១៣៖ ទឹកត្រីចំនួន ៥យួរ
១៤៖ ទឹកស៊ីអ៉ីវចំនួន ៥យួរ
១៥៖ សាប៊ូដុំ ចំនួន ៣០ដុំតូច
១៦៖ ច្រាស និងថ្នាំដុសធ្មេញ ចំនួន ១០០ឈុត
១៧៖ វីតាមីនសេ ចំនួន ១០ប្រអប់
១៨៖ ប្រេងកូឡា ចំនួន ៥ដុំ
១៩៖ ប្រេងខ្យល់ ចំនួន ៥ដុំ
២០៖ ម៉ាស ចំនួន ២០ប្រអប់ មាន ១,០០០ម៉ាស
២១៖ អាល់កុលសម្លាប់មេរោគ ចំនួន ៤កាន
២២៖ ដបសម្រាប់ដាក់អាល់កុល ចំនួន ១០ដប
២៣៖ ស្លាដក់ចំនួន៦២
២៤៖ ថវិកា ចំនួន ២លានរៀល៕