(ភ្នំពេញ)៖ ប្រធានសមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា លោកបណ្ឌិត ឡី សុភាព បានប្ដេជ្ញាពង្រឹងចំណេះដឹងវិជ្ជាជីវៈរបស់សមាជិកសមាគមរបស់ខ្លួន ចូលរួមធ្វើកំណែទម្រង់នៃការអភិវឌ្ឍដីធ្លី និងសំណង់នៅកម្ពុជាឱ្យបានសមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន ខណៈដែលលោកបានមើលឃើញពីបញ្ហាច្រើនក្នុងសកម្មភាពដីធ្លីបច្ចុប្បន្ន។

ការប្ដេជ្ញាយ៉ាងដូច្នេះរបស់លោកបណ្ឌិត ឡី សុភាព ត្រូវបានធ្វើឡើងក្នុងពិធីពិធីប្រកាសបញ្ចូលសមាជិកសកម្មនៃសមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា ចំនួន៣៧២នាក់ ព្រមទាំងមានការប្រកាសតែងតាំងសមាជិកភាពគណៈកម្មការប្រតិបត្តិសមាគមចុះមូលដ្ឋានរាជធានី ខណ្ឌ ខេត្ត ចំនួន១៥៤នាក់ ប្រគល់ពានរង្វាន់បុគ្គលឆ្នើមចំនួន១០នាក់ និងប្រគល់លិខិតសរសើរចំនួន៤រូប នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅភោជនីយដ្ឋាន The Grand Terrace ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នាឱកាសនោះ លោកប្រធាន ឡី សុភាព បានលើកឡើងថា នៅឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំច្បាប់ស្ដីពីសំណង់ និងប្រកាសស្ដីពីការអភិវឌ្ឍដីធ្លី ប្រកាសស្ដីពីការគ្រប់គ្រងអាជីវកម្មអចលនវត្ថុ។ ក្រោយពីការរៀបចំច្បាប់ និងប្រកាសនេះហើយ លោកនិងសហការីក៏បានផ្ដួចផ្ដើមបង្កើតសមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា ដើម្បីចូលរួមអនុវត្តកំណែទម្រង់ក្នុងវិស័យនេះឱ្យស្របតាមគោលនយោបាយអភិវឌ្ឍរបស់រាជរដ្ឋាភិបាល។

លោកបានបញ្ជាក់ថា ការបង្កើតសមាគមសហព័ន្ធដីធ្លី និងសំណង់កម្ពុជានេះ គឺដើម្បីប្រមូលផ្ដុំអ្នកទាំងឡាយដែលប្រកបរបរលើវិស័យដីធ្លី និងសំណង់នៅទូទាំងប្រទេសកម្ពុជា ធ្វើកំណែទម្រង់នៃការអភិវឌ្ឍដីធ្លី និងសំណង់ឱ្យបានសមស្រប។ សមាគមសហព័ន្ធដីធ្លី និងសំណង់កម្ពុជា នឹងធ្វើកំណែទម្រង់ជំរុញឱ្យសមាជិក-សមាជិករបស់ខ្លួនចេះប្រកបរបររកស៉ីប្រកបដោយបរិយាបន្ន និងរដ្ឋបាលឯកភាព ព្រោះមិនដូច្នោះទេ វិបត្តិដីធ្លី និងសំណង់រវាងអ្នកលក់ និងអ្នកទិញ ឬវាងភ្នាក់ងារអភិវឌ្ឍន៍ និងម្ចាស់ដី នឹងកើតឡើងឥតឈប់ឈរ ប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

លោកថា កំណែទម្រង់នេះនឹងធ្វើទៅដល់ថ្នាក់មូលដ្ឋានតែម្ដង ជាក់ស្ដែងនាថ្ងៃនេះ សមាគមក៏បានបញ្ចូលសមាជិកដែលបានយល់ដឹងអំពីបញ្ហា ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យដីធ្លី និងសំណង់។

ច្បាប់វិនិយោគ ត្រូវបានព្រះករុណាបានឡាយព្រះហស្ដលេខានៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ ដើម្បីធានានូវការវិនិយោគនៅកម្ពុជា ព្រមទាំងច្បាប់ការពារអ្នកប្រើប្រាស់ និងច្បាប់ធ្វើអាជីវកម្មតាមប្រព័ន្ធអេឡិចត្រនិក ដើម្បីធ្វើជាបន្ទាត់មួយដើរនៅលើគោលនយោបាយស្របមួយទៅដល់ភ្នាក់ងារអចលនវត្ថុ អ្នកអភិវឌ្ឍដីធ្លី និងសំណង់ និងគ្រប់ភាគីពាក់ព័ន្ធដទៃទៀត។ ដូច្នេះហើយបានជាលោក ឡី សុភាព ក្នុងនាមសមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា បានរៀបចំឱ្យសមាជិក-សមាជិកាទាំងអស់ត្រូវចេះដើរនៅលើបន្ទាត់មួយស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ពោលគឺអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ប្រកាស លិខិតបទដ្ឋាន និងឯកសារគតិយុត្តនានាជាធរមានរបស់កម្ពុជា ព្រមទាំងបទបញ្ជាផ្ទៃក្នុងសមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជាផងដែរ។

លោកបានបន្តថា កំណែទម្រង់ព្រមៗគ្នានេះត្រូវតែប្រកបដោយចំណេះដឹងវិជ្ជាជីវៈ ព្រោះដើម្បីអភិវឌ្ឍវិស័យមួយត្រូវតែមានធនធានប្រកបដោយវិជ្ជាជីវៈ ដូច្នេះហើយបានជារាជរដ្ឋាភិបាលបង្កើតនូវគោលនយោបាយសិក្សាពេញមួយជីវិត និងគោលនយោបាយជាតិស្ដីពីការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដែលសមាគមក៏បានប្រជុំ និងបណ្ដុះបណ្ដាលដល់មូលដ្ឋានថែមទៀតផង។

លោកក៏បានណែនាំដល់សមាជិកសមាគម ត្រូវមានចរិយាធម៌ក្នុងខ្លួន ដូចជាសច្ចៈគឺសេចក្ដីស្មោះត្រង់ ខន្តីគឺសេចក្ដីអន់ធន់ កត្តញ្ញូតាគឺសេចក្ដីដឹងគុណ ត្រូវតែប្រកាន់ខ្ជាប់នៅពេលចេញទៅធ្វើការ ឬប្រកបរបរអាជីវកម្ម។ ហើយក៏ត្រូវតែប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌ទាំង៤ រួមមាន «មេត្តា ករុណា មុទិតា និងឧបេក្ខា» មានកិច្ចការអ្វីត្រូវជំនុំគ្នា ពិភាក្សាគ្នា ដឹកនាំទៅដោយគតិបណ្ឌិត ទីណាមានការប្រឹក្សាយោបល់ ទីនោះមានការរីកចម្រើន។

សូមជម្រាបថា នាឱកាសប្រកាសបញ្ចូលសមាជិកសកម្មនៃសមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជានោះ លោកប្រធាន ឡី សុភាព ក៏បានលើកឡើងដែរថា ការរើសសមាជិកបន្ត ត្រូវតែរើសអ្នកដែលមានឆន្ទៈស្រលាញ់កិច្ចការងារនេះពិតប្រាកដ មានភាពឧស្សាហ៍ព្យាយាមលើការងារ មានការយកចិត្តទុកដាក់ចំពោះកិច្ចការងារ ការចេះត្រិះរិះពិចារណាចំពោះកិច្ចការងារ បូករួមទាំងការលះបង់ទាំងកម្លាំងកាយកម្លាំងចិត្ត ពេលវេលា និងធនធានផ្ទាល់ខ្លួន សម្រាប់កិច្ចការងារអភិវឌ្ឍន៍ដីធ្លី និងសំណង់។ លោកថា ទាល់តែមានអ្នកដែលមានលក្ខណសម្បត្តិទាំងនេះ ទើបស័ក្តិសមនឹងការបន្តវេនដឹកនាំការងារក្នុងវិស័យដីធ្លី ក៏ដូចជាវិស័យផ្សេងទៀត៕