(ត្បូងឃ្មុំ)៖ លោក អ៊ាង សុផល្លែត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំង ខេត្តត្បូងឃ្មុំ បានលើកឡើងថា យុទ្ធនាការស្រោចស្រពវ៉ាក់សាំង ទាំងដូសមូលដ្ឋាន និងដូសជំរុញ បានធ្វើឱ្យសុខមាលភាពរបស់ប្រជាជន អាចកាត់បន្ថយហានិភ័យធ្ងន់ធ្ងរពីជំងឺកូវីដ១៩ និងធ្វើឱ្យប្រជាជនអាចជួបជុំគ្នាជាលក្ខណៈទ្រង់ទ្រាយធំដូចនេះ ក្នុងគន្លងប្រក្រតីថ្មី។

ការលើកឡើងបែបនេះរបស់ លោក អ៊ាង សុផល្លែត បានធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា ជាមេក្រុមបក្ស នៅឃុំព្រះធាតុ ចំនួន ៦៥៩នាក់ នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២នេះ ដោយមានការអញ្ជើញចូលរួមពីលោក សូរ ខនឬទ្ធីគុណ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអំពិលតាពក លោក រ័ត្ន វីរៈ ប្រធានលេខាធិការដ្ឋាន និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រះធាតុ លោក លោកស្រី សមាជិក សមាជិកា ជាច្រើនរូបទៀត។

នាឱកាសនោះដែរ ប្រធានក្រុមការងារ ក៏បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា គឺតែងតែនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា ដោយបានដោះស្រាយទុក្ខលំបាកផ្សេងៗ ជូនប្រជាពលរដ្ឋជានិច្ច។

ប្រធានក្រុមការងារ ក៏បានផ្តាំផ្ញើរថាក្នុងនាមជាមេក្រុមបក្ស ជាសមាជិក សមាជិកា របស់គណបក្សប្រជាជនកម្ពុជា សូមបន្តកសាងអំពើល្អ ត្រូវមានកាយវិការ និងពាក្យសំដីប្រកបដោយគុណធម៌ សីលធម៌ និងដាស់តឿនប្រជាពលរដ្ឋទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវសច្ចៈធម៌ជានិច្ច។

ឆ្លៀតក្នុងឱកាសនេះដែរ បានរំលឹកអំពីរឿងនិទាន «គុយទាវ២ចាន មានគុណលើសម្តាយបង្កើត» ជូនស្តាប់ និងសូមពិចារណា ឱ្យច្បាស់ពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ជាឪពុកម្តាយទី២ របស់យើង ដែលនាំយើងរួចផុតពីរបបបនប្រល័យពូជសាសន៍ ប៉ុល ពត សម្លាប់ជាតិសាសន៍ឯង និងបាននាំនាវាកម្ពុជា មានសុខសន្តិភាព ស្ថេរភាពនយោបាយ និង វឌ្ឍនភាពគ្រប់វិស័យ។ ជាក់ស្តែងនៅក្នុងប្រវត្តិសាស្រ្តកម្ពុជា ជាង៥០០ឆ្នាំមកនេះ មិនមានសម័យកាលណារុងរឿងរីកចម្រើន និងមានសុខសន្តិភាពយូរអង្វែងជាប់ៗ គ្នាដូចសម័យយើង ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជន។

ជាងនេះទៅទៀតដើម្បីធានាបាននូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍរយៈពេងវែងសម្តេចប្រធានបានគិតគូរ បេក្ខភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនាពេលអនាគត ស្របតាមឆន្ទៈប្រជាធិតេយ្យក្នុងប្រទេស និងការទទួលស្គាល់ពីឆាកអន្តរជាតិផងដែរ៕