(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ចម្រើនជន្មាយុគម្រប់៦៩ ឈានចូល ៧០ឆ្នាំ។

តាមរយៈសារលិខិត សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងយ៉ាងដូច្នេះថា ខ្ញុំបាទសូមសម្តែងការកោតសរសើរដ៏ស្មោះស្ម័គ្រ ចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិតឈ្លាសវៃរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិទទួលបានយ៉ាងរឹងមាំនូវសុខសន្តិភាព ស្ថិរភាពជាតិពេញលេញ ដោយឈរលើស្មារតីតម្កល់ជាអាទិភាពនូវឧត្តមប្រយោជន៍ជាតិ និងប្រជាជន។ នៅក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាកំពុងប្រឈមមុខនឹងការរាតត្បាតនៃជំងឺកាចសាហាវកូវីដ១៩ សម្តេចបានខិតខំយកអស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ពុះពារជំនះឧបសគ្គក្នុងការដោះស្រាយរាល់ការលំបាក ដើម្បីសេចក្តីសុខរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស។

ខ្ញុំបាទ និងភរិយា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូនដល់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីទាំងអស់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ៕