(ត្បូងឃ្មុំ)៖ លោក អ៊ាង សុផល្លែត ប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានក្រើនរលឹកដល់ប្រជាពលរដ្ឋខ្មែរនៅតាមមូលដ្ឋានត្រូវចង់ចាំពីវិរៈភាព ដែលជាគុណធម៌ និងសច្ចធម៌ប្រវត្តិសាស្ត្រ និងផ្សព្វផ្សាយបន្តឱ្យអ្នកជុំវិញខ្លួន និងក្មេងជំនាន់ក្រោយបានជ្រួតជ្រាប ហើយត្រូវដឹងគុណ និងសងគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំគណបក្ស ដែលបានប្រើប្រាស់ជីវិតជាដើមទុន ដើម្បីសង្គ្រោះប្រជាពលរដ្ឋ ពីការកាប់សម្លាប់យ៉ាងព្រៃផ្សៃរបស់ពួកខ្មែរក្រហម ប៉ុល ពត។

ការក្រើនរំឮកបែបនេះ របស់លោក អ៊ាង សុផល្លែត បានធ្វើឡើងក្នុងឱកាសលោកបានអញ្ជើញជួបសំណេះសំណាលជាមួយប្រធានក្រុមបក្សឃុំអំពិលតាពកស្រុកអូររាំងឪ ចំនួន៦៥៧នាក់ ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី ជាអនុប្រធានក្រុមការងារ សមាជិកក្រុមការងារចុះមូលដ្ឋានស្រុកអូររាំងឪ មូលដ្ឋានឃុំអំពិលតាពក គណៈកម្មាធិការគណបក្សស្រុកអូររាំងឪ និងគណៈកម្មាធិការគណបក្សឃុំអំពិលតាពក។

នាឱកាស នោះដែរ លោក អ៊ាង សុផល្លែត បានបន្តថា ដូច្នេះ ដើម្បីបន្តគាំទ្រការដឹកនាំប្រកបដោយសន្តិភាព និងការអភិវឌ្ឍ សូមប្រជាពលរដ្ឋយើងទាំងអស់ ត្រូវចូលរួមតាមរយៈការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាពេលខាងមុខ និងការបោះឆ្នោតនាពេលអនាគត ដូចពាក្យចាស់ពោលថា ធ្វើបុណ្យទាន់ខែភ្លឺ ផឹកទឹកត្រូវនឹកដល់ប្រភព រួមជាមួយវប្បធម៌ដ៏ផូរផង់របស់ខ្មែរ គឺការដឹងគុណ។

«ក្រៅពីឪពុក ម្តាយ ជីដូនជីតា និងសាច់ញាតិ យើងនៅមានអ្នកមានគុណមួយចំនួនទៀត គឺថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោដែលជាព្រះរស់សង្រ្គោះជីវិតនៃយើង»។ នេះជាការលើកឡើងបន្ថែមរបស់លោក អ៊ាង សុផល្លែត។

នាឱកាសនោះដែរ ប្រធានក្រុមការងារ ក៏បានពាំនាំពាក្យផ្តាំផ្ញើរសួរសុខទុក្ខ និងជូនពរបងប្អូនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាពេលខាងមុខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកបណ្ឌិត ហ៊ុន ម៉ាណែត៕