(សៀមរាប)៖ ផ្លូវ៣៨ខ្សែ ក្នុងខេត្តសៀមរាប បានបញ្ចប់ការសាងសង់ជាស្ថាពរទាំងស្រុង ហើយត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាព របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ស្អែកនេះ។

ផ្លូវទាំង៣៨ខ្សែនេះ គឺជាចំណងដៃថ្មីបន្ថែមទៀត សម្រាប់ប្រជាពលរដ្ឋនៅខេត្តសៀមរាប និយាយដោយឡែក និងនិយាយជារួមសម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងមូល ដែលកើតចេញពីម្លប់សន្ដិភាព។ ស្ថានភាពខេត្តសៀមរាប ក៏បានប្រែប្រួលក្រោយទទួលបានផ្លូវនេះ ទាំងការវិនិយោគ និងវិស័យទេសចរណ៍ជាដើម។

ប្រជាពលរដ្ឋនៅខេត្តសៀមរាប បានសម្តែងការសាទរ និងស្វាគមន៍ដោយក្តីរីករាយចំពោះសមិទ្ធផលជាប្រវត្តិសាស្ត្រនេះ។ សមិទ្ធផលនេះបានប្រែក្លាយ និងលើកកម្ពស់មុខមាត់ក្រុងទេសចរណ៍វប្បធម៌ កាន់តែមានភាពស្រស់បំព្រងថែមទៀត។

តាមរយៈកិច្ចសម្ភាសជាមួយបណ្ដាញព័ត៌មាន Fresh News ប្រជាពលរដ្ឋនៅខេត្តសៀមរាប បើទោះបីប្រកបមុខរបរផ្សេងៗគ្នាក៏ពិតមែន ប៉ុន្ដែពួកគាត់មានក្ដីរីករាយជាពន់ពេក ចំពោះសមិទ្ធផលថ្មីក្រោមម្លប់សន្ដិភាព ដែលលេចចេញជារូបរាងឡើង នៅទឹកដីអង្គរដ៏ល្បាញល្បីនាពេលបច្ចុប្បន្ននេះ។

បន្ថែមពីលើក្ដីសប្បាយរីករាយ ពួកគាត់ក៏មិនភ្លេចនូវការអរគុណជាអនេកទៅកាន់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានបញ្ចេញកញ្ចប់ថវិកាជាតិ សាងសង់នូវផ្លូវ៣៨ខ្សែនេះ ដែលធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តសៀមរាប ធ្លាប់តែជួបការលំបាកក្នុងការធ្វើដំណើរ ប្រែក្លាយជាថ្មីស្រឡាង និងកាន់តែលើកម្ពស់មុខមាត់ខេត្តមួយនេះថែមទៀតផង។ ពួកគាត់មានជំនឿជឿជាក់ថា តទៅនេះខេត្តសៀមរាប នឹងកាន់តែមានភាពទាក់ទាញបន្ថែមទៀត ទាំងការវិនិយោគ និងទេសចរណ៍។

សូមជម្រាបថា ខ្សែផ្លូវទាំង ៣៨ខ្សែនេះ គឺជាខ្សែផ្លូវដែលបានសាងសង់ឡើងដោយគិតគូរយ៉ាងល្អិតល្អន់អំពីបទដ្ឋានលក្ខណៈបច្ចេកទេស និងគំនូសប្លង់នគរូបនីយកម្មផ្លូវ ការបែងចែកខ្សែផ្លូវអាទិភាពស្របទៅតាមរូបសាស្ដ្រទីក្រុង ដែលមានសង្គតិភាពនគរូបនីយកម្ម មានមេត្រីភាពនឹងទឹក ព្រៃឈើនិងប្រាសាទបុរាណ៍ និងស្របជាមួយប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាប និងផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាបចក្ខុវិស័យឆ្នាំ២០៣៥។

គម្រោងនេះ ត្រូវបានត្រួតពិនិត្យលក្ខណៈបច្ចេកទេស ដោយក្រុមការងារអន្តរក្រសួងសម្រាប់ត្រួតពិនិត្យ និងវាយតម្លៃការងារ និងក្រុមការងារបច្ចេកទេសអន្តរក្រសួងចំនួន៩ក្រុមទៀត ដែលប្រចាំការនៅតាមការដ្ឋានផ្ទាល់។ គម្រោងនេះ បានចំណាយថវិកាអស់ជិត ១៥០លានដុល្លារអាមេរិក ជាកញ្ចប់ថវិកាជាតិ ដែលបានអនុម័តផ្តល់ដោយរាជរដ្ឋាភិបាលកម្ពុជា៕