(ត្បូងឃ្មុំ)៖ រយៈពេល០២ថ្ងៃ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកស្រី ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ បានអញ្ជើញបន្តចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋងាយរងគ្រោះ ប្រមាណចំនួន ៥៧០គ្រួសារ ក្នុងស្រុកក្រូចឆ្មារ ក្នុងនោះនាថ្ងៃទី០២ ខែមេសា ម្សិលមិញ ចំនួន២៥០គ្រួសារ ដោយឡែកនាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២នេះ ចំនួន៣២០គ្រួសារបន្ថែមទៀត។

ពិធីនេះប្រព្រឹត្តទៅនៅបរិវេណវត្តហ្លួង(ហៅវត្តរកាខ្នុរកណ្តាល) ស្ថិតនៅភូមិទី៣ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ក្នុងនោះក៏មានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម លោក លោកស្រី សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត/ស្រុក ឃុំ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ។

នាឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានពាំនាំមកនូវការផ្តាំផ្ញើសាកសួសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចទាំងទ្វេរតែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋយើងទូទាំងប្រទេស។ ហើយសម្តេចក៏តែងតែណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដោយមិនត្រូវទុកឲ្យបងប្អូនយើងណាម្នាក់ស្លាប់ដោយមិនមានអាហារហូបនោះទេ។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ទៀតថា ប្រទេសយើងមានសុខសន្តិភាពពេញបរិបូរណ៍ ដែលយើងទាំងអស់គ្នាមានឱកាសរៀបចំពិធីជួបជុំគ្នានេះ គឺដោយសារសម្តេចតេជោ បានយកជីវិតទៅប្តូរ ដូច្នេះសូមបងប្អូនចូលរួមថែរក្សានូវសុខសន្តិភាព ដ៏មានតម្លៃនេះឲ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយរបស់យើង ហើយសូមបងប្អូនកុំចាញ់នូវឧបាយកលរបស់ពួកអគតិមួយចំនួនដែលដើរសន្យាខ្យល់ និងមានបំណងបំផ្លាញនូវសុខសន្តិភាពរបស់ប្រទេសជាតិ ដើម្បីផលប្រយោជន៍របស់ក្រុមខ្លួន។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំងអស់គ្នា ដើម្បីឲ្យសហគមន៍យើងមានភាពស៊ាំជាមួយជំងឺដ៏កាចសាហាវនេះ ហើយវ៉ាក់សាំងដែលយើងមាន គឺបានមកពីសម្តេចតេជោ ដែលបានខិតខំស្វែងរក ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលសម្តេចមិនត្រឹមតែនាំមកនូវសុខសន្តិភាពជូនជាតិមាតុភូមិប៉ុណ្ណោះទេ សម្តេចថែមទាំងបានគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយនៅជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈដែលប្រទេសជាតិជួបការលំបាក។

ចំពោះអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ តាមរយៈ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បាននាំមកផ្តល់ជូនប្រជាពលរដ្ឋជួបកង្វះខាត ដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គីទ្បូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកត្រី១យួរ, ទឹកស៉ីអ៉ីវ១យួរ និងថវិកាចំនួន ២ម៉ឺនរៀល៕