(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជា រួមជាមួយលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត បានជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយសមាជិកអតីតយុទ្ធជន។

នាឱកាសនោះ ទេសរដ្ឋមន្រ្តី គន់ គីម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់អតីតយុទ្ធជន ជាពិសេសបានផ្តាំផ្ញើដល់អតីតយុទ្ធជនទាំងអស់ បន្តអនុវិធានការសុខាភិបាល និងទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា។

ទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងអំណរគុណអភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ដែលតែងយកចិត្តទុកដាក់ ជួយឧបត្ថម្ភថវិកា បរិភោគ ព្រមទាំងសម្ភារប្រើប្រាស់ដល់អតីតយុទ្ធជន ដែលមានជីវភាពក្រីក្រ ជាពិសេសបានចុះប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ជូនដល់គ្រួសារសព សមាជិកសមាគមបានទាន់ពេលវេលា។

ជាមួយគ្នានេះ ទេសរដ្ឋមន្រ្តី គន់ គីម បានស្នើដល់សមាគមអតីតយុទ្ធជនខេត្ត ត្រូវបន្តពិនិត្យស្ថានភាពរស់នៅរបស់អតីតយុទ្ធជន ខណៈកាលពីថ្មីៗនេះ ខេត្តបានប្រគល់បង្គ្រប់ផ្ទះ និងដីសម្បទានសង្គមកិច្ច ជូនអតីតយុទ្ធជន។

ទេសរដ្ឋមន្រ្តីបន្តថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តែងតែបន្តយកចិត្តទុកដាក់ ចំពោះអតីតយុទ្ធជនគ្រប់រូបជាប្រចាំ ដូចជាការផ្តល់ដីសម្បទានសង្គមកិច្ច ការសាងសង់ផ្ទះ ការផ្តល់របបសន្តិសុខសង្គម ជាពិសេសការពិនិត្យសុខភាព ដោយឥតគិតថ្លៃ និងការទទួលប្រាក់សោធននិវត្តន៍ជារៀងរាល់ខែ។

នាឱកាសនោះ ទេសរដ្ឋមន្ត្រី ក៏បាននាំយកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនអតីតយុទ្ធជនពិការ ក១ និងក២ ចំនួន៤៤២នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី៦ដប និងថវិកា១០ម៉ឺនរៀល និងនាយប៉ុស្តិ៍រដ្ឋបាលទាំង៦៥ ឃុំ សង្កាត់ ក្នុងម្នាក់ទទួលបានថវិកា ៥ម៉ឺនរៀលផងដែរ៕