(ភ្នំពេញ)៖ លោក ឡេង ប៊ុនតេង ទីប្រឹក្សាសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានដឹកនាំអនុប្រធាន សមាជិក ចុះជួយសង្កាត់ និងសមាជិកបក្សសង្កាត់ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ចុះសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋចាស់ជរា ជនទីទ័លក្រ និងពិនិត្យជំងឺ ផ្តល់ថ្នាំជូនអ្នកវិជ្ជមានជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ នៅភូមិ១ និងភូមិ២ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ ថ្មីៗនេះ។

ការពិនិត្យ និងព្យាបាលរបស់ក្រុមគ្រូពេទ្យដឹកនាំដោយលោក ឡេង ប៊ុនតេង ជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ រស់នៅភូមិ១ ភូមិ២ សង្កាត់ជ្រោយចង្វារនេះ គឺលោកតែងតែយកចិត្តទុកដាក់គ្រប់ពេលវេលា លើសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងក្មួយៗជាទីគោរពស្រឡាញ់។

យុទ្ធនាការនេះបញ្ជាក់ឱ្យឃើញកាន់តែច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់លើកកម្ពស់ និងគិតគូអំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើង។

សូមជម្រាបថា ការចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ នៅសង្កាត់ជ្រោយចង្វារ ភូមិ១ ភូមិ២ ដោយឥតគិតថ្លៃនេះ ត្រូវបានប្រជាពលរដ្ឋមានការសប្បាយចិត្តជាខ្លាំង និងសំណូមពរដល់លោក ឡេង ប៊ុនតេង ប្រធានក្រុមការងារ និងក្រុមគ្រូពេទ្យជំនាញៗទាំងអស់ ឧស្សាហ៍ចុះមក ដើម្បីពិនិត្យ និងព្យបាលជូនដល់ពួកគាត់៕