(ត្បូងឃ្មុំ)៖ «កសិកម្មជាអាយុជីវិតរបស់យើង មានកសិផល មានសន្តិសុខស្បៀង (អង្ករច្រកឆ្នាំង) មានពាណិជ្ជកម្មកសិផល មានឧស្សាហកម្មកសិផល និងមានចរន្តសេដ្ឋកិច្ចដែលជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសយើងឈានឆ្ពោះ ទៅកាន់ការអភិវឌ្ឍ»។ នេះជាការលើកឡើងរបស់លោក អ៊ាង សុផល្លែត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំង ខេត្តត្បូងឃ្មុំ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ កម្មករ កម្មការីនី ចំការកៅស៊ូពាមជាំង ប្រមាណជាង ៨០០នាក់ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ ម្សិលមិញ។

ពិធីនេះមានការអញ្ជើញចូលរួមពីលោក រ័ត្ន វិរៈ ប្រធានលេខាធិការដ្ឋាន និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានឃុំព្រះធាតុ លោក លោកស្រី សមាជិក សមាជិកា និង តំណាងក្រុមហ៊ុនចំការកៅស៊ូពាមជាំងជាច្រើនរូបទៀត។

នាឱកាសនោះដែរ ប្រធានក្រុមការងារ បានលើកឡើងថា បច្ចុប្បន្នវិស័យកសិកម្មកម្ពុជា គឺជាវិស័យអាទិភាពដែលធានាសន្តិសុខស្បៀង អាហារូបត្ថម្ភ ជាក់ស្តែងនៅក្នុងអំឡុងពេលដែលកម្ពុជា និងពិភពលោកទទួលរងនូវវិបត្តិធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ រហូតត្រូវបិទខ្ទប់ប្រទេស វិស័យផ្សេងៗ មិនមានភាពសកម្មភាព ប៉ុន្តែវិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការធានាសន្តិសុខស្បៀង (ក្នុងនោះ គឺតម្រូវការសាច់សត្វ និងបន្លែ) សុខមាលភាពប្រជាពលរដ្ឋ និងរួមចំណែកយ៉ាងសំខាន់ក្នុងការស្តារសកម្មភាពសេដ្ឋកិច្ចឡើងវិញ នៅពេលបើកប្រទេសដំណើរការឡើងវិញ។

លោក អ៊ាង សុផល្លែត ក៏បានលើកឡើងនូវអនុសាសន៍គន្លឹះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងឱកាសពិធីបិទសន្និបាតបូកសរុបការងារ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២១ និងទិសដៅអនុវត្ត ឆ្នាំ២០២២ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ថា «ត្រូវបន្តបង្កើនផលិតភាពដំណាំកៅស៊ូធម្មជាតិ ពង្រឹង និងពង្រីកសហគមន៍កសិករកៅស៊ូគ្រួសារ ដើម្បីបង្កើនកាលានុវត្តភាពក្នុងការការពារផលប្រយោជន៍កសិករ ជំរុញវិនិយោគលើការកែច្នៃផលិតផលកៅស៊ូ ព្រមទាំងជំរុញការអនុវត្តផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍កៅស៊ូធម្មជាតិ ឆ្នាំ២០៣០ សំដៅពង្រឹងការគ្រប់គ្រង និងការអភិវឌ្ឍដំណាំកៅស៊ូកម្ពុជាប្រកបដោយចីរភាព។» ដែលបង្ហាញអំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់លើវិស័យកៅស៊ូនៅកម្ពុជា។

លោកបានបន្តថាដើម្បីបន្តជំរុញការអភិវឌ្ឍវិស័យកសិកម្ម ឱ្យមានលក្ខណៈទំនើប ឆ្លើយតបទៅនឹងបរិការណ៍ប្រែប្រួល សេដ្ឋកិច្ចក្នុងតំបន់ ព្រមទាំងវិបត្តិសកលពីជំងឺកូវីដ១៩ ធានាចីរភាពផលិតផល សរុបក្នុងស្រុក ជាពិសេសកែប្រែឥរិយាបថប្រជាកសិករពី «ការធ្វើកសិកម្មដើម្បីចិញ្ចឹមឆ្នាំង» ទៅជា «ការធ្វើកសិកម្មសម្រាប់ពាណិជ្ជកម្ម» គឺ «ការប្រែក្លាយកសិករទៅជាកសិសហគ្រិន»។ ជាក់ស្តែង ស្រុកអូររាំងឪ ក្រៅពីសក្តានុពលដំណាំកៅស៊ូ យើងក៏មានដំណាំកសិកម្មហូបផ្លែជាច្រើន ជាពិសេសដំណាំ «ចេកលឿង» នៅលើផ្ទៃដីប្រមាណ ២៤៨ហិកតា ដែលធ្វើការនាំចេញទៅប្រទេសចិន ប្រមាណ៩០តោនជារៀងរាល់ខែ ផ្តល់ការងារធ្វើជូនអ្នកស្រុកអូររាំងឪយើងប្រមាណ ៥០០នាក់។

នៅក្នុងឱកាសនោះ ប្រធានក៏បានប្រកាសឧបត្ថម្ភថវិកាមួយចំនួនដល់ ឃុំទាំង៧ នៅទូទាំងស្រុក និងវិទ្យាល័យអូររាំងឪ នូវថវិកាសម្រាប់ការរៀបចំ សង្ក្រានឆ្នាំថ្មី នៅពេលខាងមុខនេះផងដែរ៕