(សៀមរាប)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សូម្បីតែប្រទេសជឿនលឿន ដែលកសាងបំពានទៅលើលក្ខខណ្ឌបច្ចេកទេសនៃអង្គការយូណេស្កូ គេបានដកចេញពីបញ្ជីនៃបេតិកភណ្ឌពិភពលោកតែម្តង។ កម្ពុជា ក៏ដូចគ្នាប្រសិនជាយើងបំពានលក្ខខណ្ឌទាំងឡាយដែលកំណត់ដោយអង្គការយូណេស្កូ យើងនឹងបាត់បង់លក្ខខណ្ឌសម្បត្តិជាបេតិកភណ្ឌពិភពលោក ទាំងនៅអង្គវត្ត ទាំងនៅសំបូរព្រៃគុក និងទាំងនៅប្រាសាទព្រះវិហារ។

ការមានប្រសាសន៍បែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់មានអ្នកអភិវឌ្ឍវិស័យអចលទ្រព្យម្នាក់ បាននិយាយប៉ះពាល់ដល់តំបន់រមណីយដ្ឋានអង្គរ ដែលជាសម្បត្តិវប្បធម៌ជាតិ កាលពីថ្មីៗនេះ។

ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្ថែមថា នៅកម្ពុជាមិនខ្វះតំបន់អភិវឌ្ឍន៍ចលនទ្រព្យនោះទេ ប្រសិនបើកម្ពុជាធ្វើការសាងសង់ បំពានលក្ខខណ្ឌបច្ចេកទេស របស់អង្គការយូណេស្កូនោះ អង្គរវត្តរបស់កម្ពុជា នឹងត្រូវចេញពីបញ្ជីបេតិកភណ្ឌពិភពលោក ដែលអាចធ្វើឱ្យកម្ពុជាខាតបង់ធំធេង។

ថ្លែងនៅក្នុងពិធីសម្ពោធផ្លូវ៣៨ខ្សែនៅក្រុងសៀមរាបនាព្រឹកថ្ងៃទី៤មេសា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំសូមបញ្ជាក់ថា មិនអាចយកតំបន់សៀមរាប ប្រៀបធៀប ទៅនឹងទីផ្សារ អចលនទ្រព្យ ដូចជាខេត្តដទៃទេ បើសិនជាធ្វើដូច្នោះ កម្ពុជានឹងត្រូវគេបណ្តេញចេញ ដោយយកអង្គរវត្តរបស់យើងចេញពីបញ្ជីបេតិកភណ្ឌពិភពលោកហើយ […] រឿងនេះវាមិនទាន់កើតឡើងនៅកម្ពុជាទេ វាកើតឡើងនៅប្រទេសដទៃ សូម្បីតែប្រទេសជឿនលឿន ដែលកសាងបំពានទៅលើលក្ខខណ្ឌបច្ចេកទេសនៃអង្គការយូណេស្កូ គេបានដកចេញពីបញ្ជីនៃបេតិកភណ្ឌពិភពលោកតែម្តង។ កម្ពុជា ក៏ដូចគ្នាប្រសិនជាយើងបំពានលក្ខខណ្ឌទាំងឡាយដែលកំណត់ដោយអង្គការយូណេស្កូ យើងនឹងបាត់បង់លក្ខខណ្ឌសម្បត្តិជាបេតិកភណ្ឌពិភពលោក ទាំងនៅអង្គវត្ត ទាំងនៅសំបូរព្រៃគុក និងទាំងនៅប្រាសាទព្រះវិហារ»

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា កម្ពុជា កំពុងតែរៀបចំសំណុំឯកសារទាំងឡាយដាក់តំបន់មួយចំនួនផ្សេងទៀត ដើម្បីចូលជាបញ្ជីបេតិកភណ្ឌពិភពលោក។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានជម្រាបទៅដៃគូររបស់កម្ពុជាមានដូចជាបារាំង ជប៉ុន និងអង្គការយូណេស្កូថា សូមកុំបារម្ភចំពោះការអនុវត្តន៍នូវលក្ខខណ្ឌទាំងឡាយចំពោះការអភិរក្សនៅតំបន់ក្រុងសៀមរាប គឺកម្ពុជា មិនកាប់មេមាន់ដើម្បីឆ្ងាញ់មួយពេលនោះទេ ផ្ទុយទៅវិញ គឺត្រូវចិញ្ចឹមមេមាន់ឱ្យធំធាត់ ដើម្បីយកពងយូរអង្វែង។

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា មិនអាចទុកឱ្យប្រាសាទអង្គរវត្តដែលជាបេតិកភណ្ឌពិភពលោក រងនូវផលប៉ះពាល់ណាមួយដែលបាត់បង់លក្ខណៈសម្បត្តិជាសម្បត្តិបេតិកភណ្ឌពិភពលោកនោះទេ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានសូមឱ្យអង្គការអន្តរជាតិ ដូចជាយូណេស្កូ ក៏ដូចជាប្រទេសដៃគូ ដែលជាសហប្រធានគណៈកម្មការអន្ដរជាតិសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ដ្រអង្គរ (ICC) រួមមានប្រទេសជប៉ុន និងប្រទេសបារាំង ដែលគ្រោងចុះហត្ថលេខាបន្តជាមួយកម្ពុជា ១០ឆ្នាំបន្ថែមទៀត កុំមានការស្ទាក់ស្ទើរ នេះជាការអះអាងរបស់សម្តេច ក្នុងនាមជានាកយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីធានាថា សម្បត្តិដូនតាដែលបានខិតខំរក្សាទុកពីមុនមកត្រូវបានគោរព៕