(កំពង់ឆ្នាំង)៖ វិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានរៀបចំប្រារព្ធពិធីព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីរយៈពេល២ ថ្ងៃ ចាប់ពីថ្ងៃទី២-៣ ខែមេសា ឆ្នាំ២០២២ ដោយបន្សល់នូវភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋ ដែលបានចូលរួមចងចាំមិនអាចបំភ្លេចបាន។

អ្នករៀបចំកម្មវិធី បានរៀបចំលេងកំសាន្តរប្រជាប្រិយបុរាណខ្មែរមានដូចជា៖ របាំត្រុដ ចោលឈូង បោះអង្គុញ ទាញព្រ័ត្រ និងរាំកំសាន្តបែបប្រពីណី។ល។ ក្នុងរយៈពេលរៀបចំពិធីព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីរយៈពេល២ថ្ងៃនេះ អ្នករៀបចំកម្មវិធី ក៏បាននិមន្តព្រះសង្ឃសូត្រមន្តប្រោះព្រំលើករាសី និងពូនផ្នូរខ្សាច់ក្រុងពាលីតាមប្រពៃណីផងដែរ។

ពិធីនេះផ្តួចផ្តើមឡើងដោយក្រុមការងារសហព័ន្ធសហភាពយុវជនកម្ពុជា សហការជាមួយអាជ្ញាធរមូលដ្ឋាន ដោយមានការចូលរួមកម្សាន្តពីសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ មន្ត្រីរាជការ និងប្រជាពលរដ្ឋជាច្រើនពាន់នាក់។

គណៈកម្មការដឹកនាំការលេងល្បែងប្រជាប្រិយ ក្នុងពីធីព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនេះ បានបញ្ជាក់ថា ការដែលអាជ្ញាធរបានរៀបចំពិធីព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីនេះឡើង មានបំណងថែរក្សាល្បែងប្រជាប្រិយខ្មែរយើង ដែលមានតាំងពីបុរាណកាលមក កុំឲ្យបាត់បង់ ម្យ៉ាងទៀតបង្ហាត់បង្ហាញដល់ក្មេងជំនាន់ក្រោយ ដើម្បីនាំគ្នាជួយអភិរបន្តល្បែងប្រជាប្រិយខ្មែរយើងមានដូចជា៖ របាំត្រុដ ចោលឈូង បោះអង្គុញ ទាញព្រ័ត្រ លាក់កន្សែង និងល្បែងផ្សេងៗជាច្រើនទៀត។

ដោយមើលឃើញថា បច្ចុប្បន្ននៅពេលចូលឆ្នាំខ្មែរយើងម្ដងៗ នៅតាមមូលដ្ឋានស្ទើរតែពុំមានឡើយការលេងល្បែង ប្រជាប្រិយខ្មែរ ហេតុនេះទើបក្រុមការងារ និងអាជ្ញាធរផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីនេះឡើង គឺដើម្បីចូលរួម អភិរក្សល្បែងប្រជាប្រិយខ្មែរយើងដែលស្ទើរតែបាត់ បង់ទៅហើយនោះ។ ក្នុងនាមគណៈកម្មការរៀបចំលេងល្បែង ប្រជាប្រិយប្រពៃណីជាតិយើងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ នៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ ខាងមុខនេះ មេត្តានាំគ្នាចូលរួមលេងល្បែងប្រជាប្រិយខ្មែរយើងទាំងអស់គ្នានៅគ្រប់មូលដ្ឋានដើម្បីជួយថែប្រពៃណីជាតិ យើង។

ជាងនេះទៅទៀត ប្រជាពលរដ្ឋ ដែលបានចូលរួមលេងកម្សាន្តល្បែងប្រជាប្រិយនៅក្នុងពិធីព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី រៀបចំដោយក្រុមការងារ និងអាជ្ញាធរខាងលើនេះ ពួកគាត់មានចិត្តសប្បាយរីករាយ និងអរគុណដល់ថ្នាក់ដឹកនាំ ដែលបានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី បង្កើតឱ្យមានការលេងល្បែងប្រជាប្រិយប្រពៃណីខ្មែរ ធ្វើអោយកូនចៅរបស់ពួកគាត់បានស្គាល់ បានដឹង និងបាននាំគ្នាជួយអភិរក្សជាបន្តឲ្យបានគង់វង្ស។

ជុំវិញការរៀបចំព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនេះ លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង បានប្រាប់បណ្ដាញព័ត៌មាន Fresh News តាមទូរស័ព្ទនៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ ដោយលោកសូមចូលរួមគាំទ្រ ក្នុងការរៀបចំពិធីនេះ ព្រោះជាការចូលរួមថែរក្សានូវវប្បធម៌ប្រពៃណីខ្មែរ យើងតែលោកសោកស្ដាយដែលអ្នករៀបចំពិធី មិនបានសហការជាមួយលោក ក្នុងនាមលោកជាប្រធានមន្ទីរវប្បធម៍ ខេត្តដែរនោះ ដើម្បីរួមគ្នារៀបចំពិធីឲ្យមានភាព អធិកអធមជាងនេះ៕